(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីស៉ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ ចំពោះករណីវាយកម្ទេចកុដិបុរាណ ចំនួន៣ ក្នុងបរិវេណវត្តឧណ្ណាលោម។ នេះបើតាមសេចក្តីជូនដំណឹង ដែលទទួលបាននៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។
សេចក្តីជូនដំណឹងបានបញ្ជាក់យ៉ាងដូច្នេះ «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមគោរពជម្រាបជូន សាធារណជនទាំងអស់ មេត្តាជ្រាបថា ករណីនៃការវាយកម្ទេចកុដិបុរាណចំនួន០៣ (លេខ៤៣, ៤៤ និង៤៥) ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ ក្នុងបរិវេណវត្តឧណ្ណាលោម រហូតដល់បាត់បង់រូប ភាពដើមទាំងស្រុង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការស៉ើបអង្កេត និងដោះ ស្រាយតាមវិធានការច្បាប់ ដោយរក្សាទីតាំងនោះពុំឲ្យមានការសាងសង់សំណង់អ្វីថ្មី រហូតដល់នីតិ វិធីនានា ដែលមានជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់»។
សូមជម្រាបថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ញើលិខិតទូលថ្វាយសម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជា គណៈមហានិយកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងការសោកស្តាយចំពោះករណីវាយកុដិបុរាណ ទាំង៣នេះ។
យោងតាមលិខិតដែលទទួលបាន លោកជំទាវ ភឿង សកុណា បានបញ្ជាក់ថា «កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ទូលព្រះបង្គំបានទទួលដំណឹង ពីមន្ត្រីជំនាញ និងមហាជន រាយការណ៍មកស្តីពី ករណី នៃការវាយកុដិបុរាណចំនួន៣ (កុដិលេខ ៤៣ ៤៣ និង៤៥) ដែលកសាងកំឡុងឆ្នាំ១៩៣០ នៅក្នុង បរិវេណវត្តឧណ្ណាលោម ដើម្បីសាងសង់ព្រះចេតិយ។ ក្រោយដឹងដំណឹងនេះ ក្រសួងមានការសោក ស្តាយជាខ្លាំង ព្រោះកុដិទាំង៣នេះ ក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុង បញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧»។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបន្ថែមថា សកម្មភាពនេះកំពុងរងការរិះគន់យ៉ាងផុលផុស ពីមហាជន តាមរយៈបណ្តាញសង្គម។ ក្នុងនាមក្រសួងជាសេនាធិការ របស់រាជរដ្ឋាភិបាល ដែលមានតួនាទី និងភារកិច្ច ក្នុងការគ្រប់គ្រង ថែរក្សា ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ក្រសួងសូមបញ្ជាក់ ទូលថ្វាយថា សកម្មភាព នៃការរុះរើនិងវាយកម្ទេចកុដិចាស់ ដោយពុំបានសិក្សាពិគ្រោះ និងការ អនុញ្ញាតពីក្រសួងវប្បធម៌ ជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាល ដែល ជាឯកសារគតិយុត្តជាធរមាន ជាមួយការចង្អុលបង្ហាញថា រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌនានា ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ ដែលជាក្រសួងជំនាញ។
សូមជម្រាបថា កាលពីឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញ សារាចរមួយ ស្តីពីការទប់ស្កាត់ ការវាយកម្ទេច និងបំផ្លិចបំផ្លាញ សំណង់អគារបេតិកភណ្ឌ ដោយ សង្កត់ធ្ងន់ថា សំណង់អគារបេតិកភណ្ឌ ដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេច ចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន៕