សេដ្ឋកិច្ចរបស់ម៉ាឡេស៊ី អាចកើនឡើងខ្ពស់ជាងការព្យាករនៅឆ្នាំ២០២២នេះ


 (គូឡាឡាំពួ)៖  យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានអោយដឹងថានាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានឱ្យដឹងកាលពីថ្ងៃអង្គារ ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស ម៉ាឡេស៊ីនៅឆ្នាំនេះ ទំនងជាកើនឡើងលើសពីការព្យាករកន្លងមកដែលថាមានចន្លោះពី ៦,៥ ភាគ រយ ទៅ ៧ ភាគរយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Anwar ខណៈថ្លែងនៅ ក្នុងសភាថា៖ «លទ្ធផលសេដ្ឋកិច្ចនៅឆ្នាំនេះកំពុងកើនឡើងដោយសារការបើកសេដ្ឋកិច្ចឡើងវិញស្របតាមការផ្លាស់ប្តូរឆ្ពោះទៅរកដំណាក់កាលនៃការកើតជំងឺជាលក្ខណៈធម្មតានៃជំងឺកូវីដ-១៩ (endemic)»

សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សពីជំងឺរាតត្បាតបន្ទាប់ពីមានការបន្ធូរបន្ថយការរឹតបន្តឹងក្នុងខែមេសា ប៉ុន្តែមានការព្រួយបារម្ភថា ការថមថយកំណើនសេដ្ឋកិច្ចពិភព លោកអាចប៉ះពាល់ដល់កំណើនការនាំចេញនៅពេលខាងមុខ។

សេដ្ឋកិច្ចម៉ាឡេស៊ីបានកើនឡើងក្នុងល្បឿនលឿនបំផុតរបស់ខ្លួនក្នុងរយៈពេលជាងមួយឆ្នាំក្នុងត្រីមាសទី៣ ដែលកើនខ្ពស់ជាងអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទោះបីជាចក្ខុវិស័យត្រូវបានបិទបាំងដោយហានិភ័យនៃការថមថយសេដ្ឋកិច្ចសកលក៏ដោយ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Anwar ដែលក៏ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរនោះ បានព្រមានថាចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកនៅតែមិនប្រាកដប្រជានិងមានការប្រឈមនៅឆ្នាំ២០២៣ ដោយជម្លោះភូមិសាស្ត្រនយោបាយដែលរារាំងដល់កំណើន។

លោកបានថ្លែងថាក្រសួងពាណិជ្ជកម្មនិងហិរញ្ញវត្ថុត្រូវបានប្រគល់ភារកិច្ចឱ្យធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម និងការបង្កើនការវិនិយោគប្រកបដោយគុណភាព ដើម្បីបង្កើតការ ងារដែលមានតម្លៃខ្ពស់សម្រាប់ប្រជាជនម៉ាឡេស៊ី។

លោក Anwar បានបន្ថែមថា៖ «រដ្ឋាភិបាលនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីពង្រឹង សូចនាករ សេដ្ឋកិច្ច ស្តារទំនុកចិត្តរបស់វិនិយោគិន និងកសាងប្រទេសម៉ាឡេស៊ីឱ្យមានវិបុលភាពឡើងវិញ»