ថៃអនុម័តវិធានការបន្ធូរបន្ថយពន្ធដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច


 (បាងកក)៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឱ្យដឹងថា ខុទ្ទកាល័យគណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារ បានអនុម័តវិធានការពន្ធដើម្បីជួយជំរុញការប្រើប្រាស់សាធារណៈដែលចាប់ផ្តើមក្នុងខែមករាឆ្នាំក្រោយ ដើម្បីគាំទ្រសេដ្ឋកិច្ចនៅពេលដែលចាប់ផ្តើមស្ទុះងើបឡើងវិញ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយស្រង់សម្ដីរបស់លោកស្រី Traisuree Traisoranakul អ្នកនាំពាក្យរងរដ្ឋាភិបាលថៃថា រដ្ឋាភិបាលថៃនឹងផ្តល់ការកាត់បន្ថយពន្ធចំនួន ៤ម៉ឺនបាត (១ ១៤៩ដុល្លារអាមេរិក) សម្រាប់អ្នកទិញទំនិញចំពោះការទិញទំនិញចាប់ពីថ្ងៃទី១ ខែមករាទៅ។

ការបន្ធូរបន្ថយពន្ធនេះធ្វើឡើងបន្ទាប់ពីមានវិធានការជំរុញសេដ្ឋកិច្ចនានាដែលបានដាក់ចេញនាពេលកន្លងមកក្នុងគោលបំណងគាំទ្រដល់សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ ដែលមានកំណើន យឺតយ៉ាវជាងប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដោយវិស័យទេសចរណ៍ដ៏សំខាន់របស់ប្រទេសនេះ ទើបតែចាប់ផ្តើមងើបឡើងវិញនៅឆ្នាំនេះ។

កំណើនសេដ្ឋកិច្ចថៃកាលពីឆ្នាំមុន មានអត្រា ១,៥ភាគរយ ដែលស្ថិតក្នុងចំណោមអត្រាទាបបំផុត នៅក្នុងតំបន់។

ធនាគារកណ្តាលថៃបានឱ្យដឹងកាលពីថ្ងៃចន្ទថា សេដ្ឋកិច្ចត្រូវបានរំពឹងថានឹងងើបឡើងវិញពេញ លេញនៅក្នុងឆមាសទីពីរ ឆ្នាំ២០២៣។ ធនាគារនេះបានព្យាករថា សេដ្ឋកិច្ចថៃនឹងកើនឡើង ៣,២ភាគរយនៅឆ្នាំនេះ ៣,៧ភាគរយនៅឆ្នាំ២០២៣ និង ៣,៩ភាគរយនៅឆ្នាំ២០២៤។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕