(ព្រុចសែល)៖ យោងតាមទីភ្នាក់ងារព័ត៌មាន AFP បានអោយដឹងថា រដ្ឋមន្ត្រីក្រសួងថាមពលរបស់ សហភាពអឺរ៉ុបនៅសប្តាហ៍នេះបានជម្នះភាពទាល់ច្រកអស់រយៈពេលជាច្រើនខែ ដើម្បីឯកភាពគ្នា លើការកំណត់តម្លៃឧស្ម័នធម្មជាតិនៅក្នុងប្លុកនេះ ដែលធ្វើឱ្យមានការព្រមានភ្លាមៗពីប្រទេសរុស្ស៊ីថា ការកំណត់តម្លៃនេះ «មិនអាចទទួលយកបាន»។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ពិដានតម្លៃនេះត្រូវបានកំណត់ចំនួន ១៨០អឺរ៉ូ (១៩០ដុល្លារ) ក្នុង ១មេហ្គាវ៉ាត់ម៉ោង ប៉ុន្តែមានលក្ខខណ្ឌភ្ជាប់ និងមានការព្រមានពីគណៈកម្មការ អឺរ៉ុបថា អាចនឹងមានការផ្អាកវិធានការនេះវិញប្រសិនបើ «ហានិភ័យកើតមានច្រើនជាងប្រយោជន៍» ។ គោលបំណងនៃការកំណត់តម្លៃឧស្ម័នសម្រាប់ការជួញដូរក្នុងសហភាពអឺរ៉ុបនេះ គឺដើម្បីកាត់ បន្ថយវិបត្តិថាមពលដែលកើតឡើងដោយសារការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។
បណ្តាប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបមានការព្រួយបារម្ភថា ពួកគេនឹងជួបការលំបាកក្នុង ការបំពេញស្តុកឧស្ម័នឱ្យបានទាន់ពេលសម្រាប់រដូវរងាខាងមុខនេះ។
ប្រទេសរុស្ស៊ីដែលមុនពេលកើតមានសង្រ្គាម និងជាប្រទេសនាំចេញឧស្ម័នកំពូលទៅកាន់សហភាព អឺរ៉ុបបានបិទការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួនជាការសងសឹកចំពោះការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងខ្លួនដែលត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ីដែលប្រើប្រាស់សម្រាប់ការបង្កសង្គ្រាមរបស់ខ្លួន។
វិមានក្រឹមឡាំងបាននិយាយរួចហើយថា ខ្លួននឹងមិនផ្គត់ផ្គង់ប្រេងទៅឱ្យបណ្តាប្រទេសដែលអនុវត្ត ការដាក់បម្រាមពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបលើការនាំចេញប្រេងឆៅរបស់ខ្លួនទេ ហើយកាលពី ថ្ងៃចន្ទប្រទេសនេះបានរិះគន់យ៉ាងខ្លាំងចំពោះការកំណត់តម្លៃឧស្ម័ននេះ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែង ថា៖ «នេះគឺជាការរំលោភលើការកំណត់តម្លៃដោយទីផ្សារ ការរំលោភលើដំណើរការទីផ្សារ។ ការកំណត់ (តម្លៃ) ណាមួយមិនអាចទទួលយកបានទេ»។
ការកំណត់តម្លៃរបស់សហភាពអឺរ៉ុបនឹងអនុវត្តចាប់ពីថ្ងៃទី១៥ ខែកុម្ភៈតទៅ ហើយនឹងមានរយៈ ពេលមួយឆ្នាំ។យន្តការនេះគឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងតម្លៃឧស្ម័នខ្ពស់ដែលកើតមាននៅអឺរ៉ុបកាលពីខែសីហា ដែលបានកើនឡើងដល់ជិត ៣៤០អឺរ៉ូក្នុងមួយម៉ោងមេហ្គាវ៉ាត់ក្នុងរយៈពេលខ្លី ដែលធ្វើឱ្យរដ្ឋាភិបាលសហភាពអឺរ៉ុបមានការភ្ញាក់ផ្អើល។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP គឺ តម្លៃឧស្ម័ននៅអឺរ៉ុបបានធ្លាក់ចុះវិញតាំងពីពេលនោះមក ប៉ុន្តែ នៅតែមានតម្លៃខ្ពស់ជាប្រវត្តិសាស្ត្រ ហើយត្រូវបានជួញដូរក្រោម ១១២អឺរ៉ូក្នុងមួយមេហ្គាវ៉ាត់ម៉ោង កាលពីថ្ងៃចន្ទ៕