ជប៉ុនអាចបោះផ្សាយមូលបត្របំណុលថ្មីតម្លៃ ២៥៨ពាន់លានដុល្លារ សម្រាប់ថវិកាសារពើពន្ធឆ្នាំថ្មី

 (តូក្យូ)៖ ប្រភពពីរដ្ឋាភិបាលជប៉ុនបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារថា ប្រទេស ជប៉ុននឹងបោះផ្សាយមូលបត្របំណុលរដ្ឋាភិបាលថ្មីតម្លៃប្រហែល ៣៥,៥ពាន់ពាន់លានយ៉េន (២៥៨,៥២ពាន់លានដុល្លារ) សម្រាប់ថវិកាប្រចាំឆ្នាំសារពើពន្ធ ២០២៣/២០២៤។

ប្រភពដដែលបានឱ្យដឹងថាការខ្ចីប្រាក់តាមរយៈមូលបត្របំណុលនៅឆ្នាំថ្មីនេះមានបរិមាណតិចជាងទឹកប្រាក់ចំនួន ៣៦,៩ពាន់ពាន់លានយ៉េនដែលបានបោះផ្សាយកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះរយៈ ពេល ២ឆ្នាំជាប់គ្នា ខណៈដែលអាជ្ញាធរជប៉ុនស្វែងព្យាយាមទប់ស្កាត់ការចំណាយលើការខ្ចីប្រាក់។

ប្រភពដដែលបានឱ្យដឹងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះដោយសារផែនការថវិកាមិនទាន់ត្រូវបានបង្ហាញជាសាធារណៈថា ការប៉ាន់ប្រមាណប្រាក់ចំណូលពន្ធជាតិប្រចាំឆ្នាំដែលថាមានចំនួន ៦៩ពាន់ ពាន់លានយ៉េននឹងជួយកាត់បន្ថយបរិមាណបំណុលថ្មី ដែលកើនឡើងនេះមួយផ្នែកគឺដោយសារ ការធ្លាក់ថ្លៃប្រាក់យ៉េន ដែលជំរុញប្រាក់ចំណេញរបស់ក្រុមហ៊ុននាំចេញ។

ទោះជាយ៉ាងណា សំណើថវិការួមរបស់ប្រទេសជប៉ុនសម្រាប់ឆ្នាំសារពើពន្ធ២០២៣/២០២៤ ទំនងជានឹងកើនឡើងដល់ ១១៤ពាន់ពាន់លានយ៉េន (៨៣១,២៧ពាន់លានដុល្លារ) ដែលជាការ កើនឡើងរយៈពេល ១១ឆ្នាំជាប់គ្នា។

ទីភ្នាក់ងារពព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមអ្នកបង្កើតគោលនយោបាយកំពុងប្រឹងប្រែងរឹត បន្តឹងការចំណាយសារពើពន្ធរបស់ខ្លួន ដែលរងសម្ពាធដោយសារការកើនឡើងការចំណាយ ផ្នែកយោធានិងការចំណាយលើសុខុមាលភាពដែលត្រូវការដើម្បីគាំទ្រដល់ប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័ស។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Shunichi Suzuki បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុន ត្រូវតែប្រកាន់ខ្ជាប់នូវគោលដៅអតិរេកថវិកាបឋមរបស់ខ្លួនត្រឹមឆ្នាំសារពើពន្ធដែលចាប់ពីថ្ងៃទី១ ខែមេសាឆ្នាំ២០២៥ទោះបីជាការកើនឡើងការចំណាយលើវិស័យការពារជាតិធ្វើឱ្យហិរញ្ញវត្ថុសាធារណៈកាន់តែអាក្រក់ក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕