លោក ហ្សេលេនស្គី មានផែនការបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក

 (វ៉ាស៉ីនតោន)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា ក្រុមមន្រ្តីអាមេរិក បានបង្ហើបឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចនឹងបំពេញទស្សនកិច្ចទៅកាន់ ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន ក៏ដូចជាធ្វើទស្សនកិច្ចនៅសភាអាមេរិក នៅថ្ងៃពុធសប្តាហ៍នេះ ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក នៅក្រៅប្រទេសចាប់តាំងពីសង្រ្គាមផ្ទុះឡើង។

បើតាមក្រុមមន្ត្រីអាមេរិកដែលប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ លោក បៃដិន ត្រូវបានគេរំពឹងថានឹងជួបលោក ហ្សេលេនស្គី នៅឯសេតវិមាន។ ដោយឡែក សារព័ត៌មាន CNN ក៏បានរាយការណ៍ដែរថាដំណើរទស្សនកិច្ចរបស់មេដឹកនាំអ៊ុយក្រែនធ្វើឡើង ស្របគ្នាជាមួយនឹងចេតនា របស់លោក បៃដិន ក្នុងការបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ទៅដល់ទីក្រុងកៀវ។ យ៉ាងនេះក្តី អ្នកនាំពាក្យរបស់ លោក ហ្សេលេនស្គី មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។

គួរបញ្ជាក់ថា នៅក្នុងផែនការធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូង ក្នុងរយៈពេល ១០ខែចាប់តាំង ពីសង្រ្គាមផ្ទុះឡើង លោក ហ្សេលេនស្គី ត្រូវបានគេ រំពឹងថានឹងរួមបញ្ចូលដំណើរទស្សនកិច្ច ទៅកាន់ នៅវិមានកាពីតូល (Capitol) សហរដ្ឋអាមេរិក។ ការធ្វើដំណើរនេះមិនត្រូវបានបញ្ជាក់លម្អិតអ្វីនោះទេ ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាពដែល អាចបង្ខំឱ្យមានការផ្លាស់ប្តូរផែនការគ្រប់ពេលវេលា៕