មនុស្ស ១៩នាក់បានស្លាប់​ និងរាប់សិបនាក់ទៀតរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះរថយន្តដឹកប្រេងនៅ ក្នុងផ្លូវរូងក្រោមដីមួយ ប្រទេសអាហ្វហ្គានីស្ថាន


 (កាប៊ុល)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា មន្ត្រីក្នុងតំបន់បាននិយាយនៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ ១៩នាក់បានស្លាប់ និង ៣២នាក់បានរងរបួស នៅពេលដែលរថយន្តដឹកប្រេងមួយគ្រឿងបានផ្ទុះ នៅក្នុងផ្លូវរូងក្រោមដីមួយនៅភាគខាងជើងនៃរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

ផ្លូវរូងក្រោមដីដែលស្ថិតនៅចម្ងាយប្រហែល ៨០ម៉ាយភាគខាងជើង នៃទីក្រុងកាប៊ុល ត្រូវបានសាង សង់ឡើងដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដើម្បីជួយដល់ការឈ្លានពានរបស់សូវៀត។ វាគឺជាតំណ ភ្ជាប់ដ៏សំខាន់រវាងភាគខាងជើង និងខាងត្បូងរបស់ប្រទេស។

អ្នកនាំពាក្យខេត្ត Parwan លោក Saeed Himmatullah Shamim បាននិយាយថា ការផ្ទុះផ្លូវរូង ក្រោមដីដែលបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩នាក់ រួមទាំងស្ត្រី និងកុមារផងដែរ ខណៈអ្នកនៅរស់រានមានជីវិតនៅតែជាប់នៅក្រោមគំនរបាក់បែក ហើយចំនួនអ្នកស្លាប់និងរបួសអាចកើនឡើង។ ទោះជាយ៉ាងណាគេ​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ ឧបទ្ទវហេតុ ដែល​កើត​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់នេះនោះទេ។ អ្នកនាំពាក្យក្រសួងសាធារណការ បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ភ្លើងបានរលត់ទៅវិញហើយ ហើយថាក្រុមការងារជួយសង្គ្រោះកំពុងធ្វើការបោសសម្អាតផ្លូវរូងក្រោមដីនៅឡើយ៕