សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការរក្សានូវកិត្យានុភាពអាស៊ានក្នុងសកលលោក មិនអាច កាត់ផ្តាច់ពីការចូលរួមចំណែករបស់ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ ពិភពលោក នោះទេ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានថ្លែងថា ការរក្សាបាននូវកិត្យានុភាពអាស៊ាន ក្នុងសកលលោកលើគ្រប់ទិដ្ឋភាព មិនអាចកាត់ផ្តាច់ ពីការ ចូលរួមចំណែករបស់ដៃគូសន្ទនាអាស៊ាននានា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ដែល ត្រូវបានទទួលស្គាល់ថា ជាមហាអំណាចសេដ្ឋកិច្ចទី២ លើសកលលោកបាននោះទេ។

សម្តេចតេជោបញ្ជាក់ទៀតថា ជាក់ស្តែងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន បានរីកចម្រើនជាលំដាប់ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ដោយឆ្លុះបញ្ចាំងតាមរយៈការបង្កើត «ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» កាលពីឆ្នាំ២០២១ ហើយក៏កំពុងឈានទៅស្ថាបនា «តំបន់ពាណិជ្ជ កម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី៣.០» នាពេលឆាប់ៗខាងមុខ។

ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីទទួលពានរង្វាន់ «សមិទ្ធផលពេញ មួយជីវិត របស់មេដឹកនាំឆ្នើមពិភពលោក» ប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់អាស៊ី ប៉ាស៊ីហ្វិក (KSI) ស្ដីពី «ការបង្កើនទំនាក់ទំនងអាស៊ាន-ចិន» នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោបានបន្តថា ចិនជាដៃគូពាណិជ្ជកម្មធំបំផុតទី១ របស់អាស៊ាន ដោយពាណិជ្ជកម្មទំនិញ សរុបរវាងអាស៊ាន និងចិន បានកើនឡើងរហូតដល់ប្រមាណ ៦៦៩ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ពោលគឺកើនឡើង ២៨ ភាគរយខណៈដែលរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីចិនមកអាស៊ាន មានចំនួន ១៣.៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ដែលកើនឡើង ជិតទ្វេដង ធៀបនឹងឆ្នាំ ២០២០។ ជាមួយនឹងការចូលរួមចំណែកទាំងនេះរបស់ចិន ផ្អែកតាមការវាយ តម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវ សេដ្ឋកិច្ចអាស៊ានបូកបី កាលពីខែតុលាកន្លងទៅនេះ តំបន់អាស៊ាន នឹងអាចសម្រេចបានកំណើនក្នុងអត្រា ៥៣% និង៤,៩% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា ដែលជាអត្រាខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនៃសកលលោក។

សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ក្នុងក្របខណ្ឌទ្វេភាគី កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ មានការរីកចម្រើន ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលត្រូវបានឆ្លុះ បញ្ចាំងតាមរយៈដំណើរទស្សនកិច្ច ទៅវិញទៅមកកាន់តែញឹកញាប់ កំណើនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកំណើននៃការប្រាស្រ័យទាក់ទង រវាងប្រជាជន និងប្រជាជនផងដែរ។ ជាពិសេសទំនាក់ទំនងរវាងកម្ពុជា និងចិន មានការរីកចម្រើនគួរជាទីមោទនៈ រហូតត្រូវបានទទួល ស្គាល់ថាជា «មិត្តភាពដែកថែប» ព្រមទាំងកំណើនពាណិជ្ជកម្មទ្វេភាគី សរុបក្នុងទំហំប្រមាណ១១ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដែលគិតជាភាគរយមានការកើនឡើង ៣៧% បើធៀប ទៅនឹងឆ្នាំ ២០២០។

បន្ថែមលើនេះ កម្ពុជាតែងទទួលបានការជួយគាំទ្រ និងជ្រោមជ្រែងជាបន្តបន្ទាប់ពីមិត្តចិន ទាំងហិរញ្ញ វត្ថុ និងមិនមែនហិរញ្ញវត្ថុ ជាពិសេសក្នុងពេលវេលាដ៏លំបាកបំផុត បណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩ ដែលបានចូលរួមបង្កលក្ខណៈឱ្យកម្ពុជា មានលទ្ធភាពគ្រប់គ្រងស្ថានភាពឆ្លងរីករាលដាលបានល្អ ប្រសើរ និងជាពិសេសចូលរួមដល់ការកាត់បន្ថយផលប៉ះទង្គិចសង្គម-សេដ្ឋកិច្ចផងដែរ។

ការអភិវឌ្ឍរបស់ចិន គឺជាសមិទ្ធផលដ៏អស្ចារ្យ ដែលបានផ្ដល់ផលប្រយោជន៍ជាច្រើន មិនត្រឹមតែ ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់បច្ច័យវិជ្ជមានយ៉ាងច្រើន សម្រាប់អាស៊ាន និងកម្ពុជា ទាំងក្នុងទិដ្ឋ ភាពសេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រនយោបាយ ក្នុងបរិការណ៍កំពុងបន្តប្រឈមនឹងបញ្ហា និងហា និភ័យកាន់តែច្រើន ប្រកបដោយភាព មិនប្រាកដប្រជាខ្ពស់ ដូចជា ការបន្តរាតត្បាតនៃជំងឺកូវីដ-១៩ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ការគាំពារនិយម ភាពមិនប្រាកដប្រជា នៃទស្សន វិស័យសេដ្ឋកិច្ចសកល ការប្រែប្រួលអាកាសធាតុ ការបន្តបន្ទច់បង្អាក់ចរន្តនៃខ្សែច្រវាក់តម្លៃ និង ផលិតកម្មសកល, សម្តេចតេជោសង្ឃឹមជឿជាក់ថា កិច្ចសហការអាស៊ាន-ចិន ដែលបាន និងកំពុង នឹងបើកទំព័រថ្មីមួយ តាមរយៈការអនុវត្ត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» និងការបង្កើត «តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី ៣.០» នឹងរួមចំណែកក្នុងការពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ ឱ្យកាន់តែមានសក្តានុពល ប្រកបដោយថាម វន្តបន្ថែមទៀត»៕