(សេអ៊ូល)៖ យោងតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ បានអោយដឹងថា កូរ៉េខាងជើង បានដឹកនាំការធ្វើតេស្ដដំណាក់កាលចុង ក្រោយ និងដ៏មានសារៈសំខាន់ នៅក្នុងការអភិវឌ្ឍផ្កាយរណបស៊ើបការណ៍ផ្នែកយោធា ដែល ទីក្រុង ព្យុងយ៉ាងមានផែនការបញ្ចប់ទាំងស្រុងនៅខែមេសា ឆ្នាំ២០២៣។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទនេះថា រដ្ឋបាលអភិវឌ្ឍ ទីអវកាសជាតិរបស់កូរ៉េខាងជើង បានដឹកនាំការធ្វើតេស្ដខាងលើ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅ នៅឯស្ថានីយបាញ់បង្ហោះផ្កាយរណប សូហេ (Sohae) ស្ថិតនៅក្នុងតំបន់ឆុលសាន (Cholsan) នៃខេត្តព្យុងហ្កាន់ ខាងជើង (North Pyongan)។
KCNA បន្ថែមទៀតថារ៉ុក្កែតមួយគ្រាប់បានពាំផ្កាយរណបសាកល្បងមួយ ក្នុងនោះរួមមានបញ្ចូល ទាំងកាម៉េរ៉ាជាច្រើនគ្រាប់ ឧបករណ៍បញ្ជូន និងទទួលរូបភាព ឧបករណ៍គ្រប់គ្រង និងស្ដុកថ្ម ជាមួយ ការបាញ់បង្ហោះក្នុងរយៈកម្ពស់៥០០គីឡូម៉ែត្រ។ ការធ្វើតេស្ដនេះទៀតសោត ត្រូវបានធ្វើឡើងដើម្បី ត្រួតពិនិត្យលើសមត្ថភាព ផ្តិតយករូបភាពរបស់ផ្កាយរណប ការបញ្ជូនទិន្នន័យ និងប្រព័ន្ធគ្រប់គ្រង នៅលើដី ហើយជាមួយគ្នានោះដែរ KCNA ក៏បានបញ្ចេញរូបភាពទីក្រុងសេអ៊ូល និងទីក្រុង អ៊ីនឆ័ន របស់កូរ៉េខាងត្បូងដែលថតដោយផ្កាយរណបនេះផងដែរ៕