លោកជំទាវ ឃួន សុដារី តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយពីសមាគមជាតិកាកបាទក្រហមចិនចំនួន ៣០ម៉ឺនដូស


 (ភ្នំពេញ)៖ លោកជំទាវ កិត្ដិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាង ដ៏ខ្ពង់ខ្ពស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ ស៊ីណូហ្វាម (Sinopharm) ដែលជាជំនួយរបស់សមាគមជាតិកាកបាទក្រហមចិន ជូនកាកបាទក្រហមកម្ពុជា ចំនួន ៣០០,០០០ដូស។

ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនៅអាកាសដ្ឋានអន្ដរជាតិភ្នំពេញ ដែលមានការអញ្ជើញចូល រួមពីលោក ឆាំង ជាន (Chang Jian) អគ្គទីប្រឹក្សាស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ កម្ពុជា។ សូមជម្រាបថា កាលពីកំលុងខែសីហា ឆ្នាំ២០២១ សមាគមជាតិកាកបាទក្រហមចិន ក៏បានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១០ម៉ឺនដូស ផ្តល់ជូនកាកបាទក្រហមកម្ពុជាផងដែរ។ វ៉ាក់សាំងនេះ គឺជាបង្អែកដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការពារអាយុ ជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។

ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងសមាគមជាតិកាកបាទក្រហមចិន ត្រូវបានរឹតបន្តឹង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំ, ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីជាតំណាក់កាល, ការផ្តល់អំណោយមនុស្សធម៌ ក្នុង ពេលមានគ្រោះមហន្តរាយ ក្នុងដំណាក់កាលកូវីដ និងការអនុវត្តគម្រោងសុខភាព កសាងភាពធន់ សហគមន៍ ដែលជារួមមាន៖

១៖ តាមរយៈសហព័ន្ធអន្តរជាតិ បានជួយដល់ដំណើរការអភិវឌ្ឍន៍ស្ថាប័ន របស់កាកបាទក្រហម កម្ពុជា ឱ្យបានរឹងមាំជាជំហានៗពីថ្នាក់កណ្តាលរហូតដល់សាខា។
២៖ ឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៨ បានផ្តល់នូវអំណោយជាថវិកា ជាម៉ាស៊ីនបូមទឹក ជាអង្ករ ជាមុង ជាភួយ។ ជាពិសេស ក្នុងគ្រោះទឹកជំនន់ឆ្នាំ២០១៩ បានផ្តល់នូវ អង្ករ ដែលមានតម្លៃជាទឹកប្រាក់ ១លានដុល្លារអាមេរិក។
៣៖ ក្នុងឆ្នាំ២០១៨ បានផ្តល់រថយន្តចំនួន ៥គ្រឿង និងមុងបត់ជ្រលក់ថ្នាំការពារគ្រុនឈាមចំនួន ២០.០០០ ឯកតា ដែលកាកបាទក្រហមកម្ពុជា បានចែកជូនតាមសហគមន៍ព្រៃភ្នំដែលប្រឈម ខ្ពស់នឹងជំងឺគ្រុនឈាម។

៤៖ លើសពីនេះទៅទៀត កាកបាទក្រហមចិន បានជួយឧបត្ថម្ភជាថវិកា សម្រាប់ការអនុវត្តគម្រោង ចំនួន ៣ ដែលមាន៖
* ឆ្នាំ២០១៥៖ គម្រោងសុខភាពសហគមន៍អនុវត្តនៅខេត្តស្វាយរៀង និងខេត្តសៀមរាប បានផ្តល់ អណ្តូង បង្គន់អនាម័យ ធុងចម្រោះ និងការអប់រំស្តីពីវិជ្ជាសង្គ្រោះបឋម និងសុខភាពអនាម័យ បានដល់ប្រជាពលរដ្ឋទទួលផល ៣.៥៤២គ្រួសារ (១៩.៤៦៩នាក់)។ ថវិកា ១១៥.៥២០,៥៤ ដុល្លារ។
* ឆ្នាំ២០១៦-២០១៧៖ គម្រោងសុខភាពសហគមន៍អនុវត្តនៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បានផ្តល់ អណ្តូង បង្គន់អនាម័យ ស្រះទឹក និងការអប់រំស្តីពីវិជ្ជាសង្គ្រោះបឋម និងសុខភាពអនាម័យ បានដល់ ប្រជាពលរដ្ឋទទួលផល ៣.៧៥៨នាក់។ ថវិកា ៧១.៣១២,៨៧ ដុល្លារ។
* ឆ្នាំ២០១៨-២០២២៖ គម្រោងកសាងភាពធន់សហគមន៍អនុវត្តនៅស្រុកបរសេដ្ឋ ស្រុកភ្នំស្រួច និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានផ្តល់អណ្តូង បង្គន់អនាម័យ បង្គន់សាលារៀន បង្គន់សហគមន៍ ម៉ាស៊ីនបូមទឹក ឧបករណ៍បំពងសំឡេង កញ្ចប់សង្គ្រោះបឋម កាតាបស្ពាយ អាវយឺត អាវកាក់ ទូក ជម្លៀស មុខឈ្នាងបង្ហូរទឹក ស្តារស្រះទឹក ម៉ាស៊ីនថត ម៉ូតូ ព្រមទាំងការអប់រំស្តីពីវិជ្ជាសង្គ្រោះបឋម និងការគ្រប់គ្រងគ្រោះមហន្តរាយ បានដល់ប្រជាពលរដ្ឋទទួលផលសរុប ៥.២០៩គ្រួសារ (២១.៤៦១នាក់)។ ថវិកា ៣៥១.៨៣២,៥១ដុល្លារ។

៥៖ក្នុងដំណាក់កាលកូវីដ-១៩ បានផ្តល់នូវអំណោយជាវ៉ាក់សាំងចំនួន២លើកគឺ៖
* លើកទី១ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ចំនួន ១០ម៉ឺនដូស
* លើកទី២ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ចំនួន ៣០ម៉ឺនដូស វ៉ាក់សាំងទាំងអស់ បានប្រគល់បន្តទៅ ក្រសួងសុខាភិបាល សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង។

តាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត​ យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានចំនួនសរុប​ ៧៤លាន ៥សែនដូស (​ នៅ​សល់​ ត្រូវ​ទទួល​ ឆ្នាំ២០២៣ ស្មើនឹង​២០លាន ៥សែនដូស) សម្រាប់ នៅក្នុង​ឃ្លាំង​ក្រសួងសុខាភិបាល​ នៅសល់​​៦លាន៣សែនដូស កំពុងចលនាចាក់រាល់ថ្ងៃ៕