(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផល នៃទស្សនកិច្ចការងាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋបារាំង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។
តាមសេចក្តីប្រកាសបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញទស្សនកិច្ច ការងារនៅសាធារណរដ្ឋបារាំង មុនពេលអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល។ អញ្ជើញអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសនោះ រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក សុខ ចិន្តា សោភា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលផ្សេងទៀតផងដែរ ។
នៅក្នុងទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង អញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិ «សាមគ្គីភាព ជាមួយ ប្រជាជនអ៊ុយក្រែន» នៅសាលសន្និសីទរបស់ក្រសួងការបរទេសបារាំង នៅទីក្រុងប៉ារីស និងទទួល ស្វាគមន៍យ៉ាងកក់ក្តៅព្រមទាំងរៀបចំអាហារការងារពេលល្ងាចជូនជាកិត្តិយសដ៏ខ្ពង់ខ្ពស់ នៅវិមាន អេលីហ្សេ (Élysée Palace) ។ សម្តេចតេជោ បានចូលរួមផងដែរក្នុងកិច្ចប្រជុំរៀបចំឡើងដោយ សហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International) និង ជួបជាមួយនឹងតំណាងក្រុមហ៊ុន Vinci Airports ។
នៅក្នុងសន្និសីទអន្តរជាតិ «សាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន» សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើបទអន្តរាគមន៍ដោយរំលេចពីដំណើរកម្ពុជា, ធ្លាប់ជាប្រទេសដែលរងគ្រោះទុក្ខសោក ហែកហួរ និងបំផ្លិចបំផ្លាញខ្ទេចខ្ទាំដោយសារសង្រ្គាមរ៉ាំរ៉ៃ, បានក្លាយជាប្រទេសដែលមានសន្តិភាព និងសេរីភាព មានកំណើនសេដ្ឋកិច្ចខ្ពស់ និងបានក្លាយជាសមាជិកដ៏សកម្មមួយនៃសហគមន៍ អាស៊ាន ដែលបានចូលរួមប្រកបដោយជវភាពក្នុងកិច្ចការតំបន់និងអន្តរជាតិ។ កម្ពុជាយល់ច្បាស់ណាស់និងឱ្យតម្លៃខ្ពស់បំផុតដល់សន្តិភាពនិងស្ថិរភាពក្នុងស្រុករបស់ខ្លួន ហើយក៏ ប្រឹងប្រែង ខ្ពស់ដើម្បីជួយប្រទេសផ្សេងទៀតនៅលើសកលលោក ដែលរងផលប៉ះពាល់ដោយសារ សង្រ្គាម។ កម្ពុជានឹងផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងបទពិសោធន៍ដោយផ្ទាល់ដល់អ្នកជំនាញដោះមីន និងថ្នាក់ដឹកនាំនៃអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្ននៃប្រទេស អ៊ុយក្រែន ចំនួន១៥ នាក់ នៅក្នុងប្រទេសកម្ពុជា នៅខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីការគោរពគោលការណ៍ទាំងឡាយនៃទំនាក់ទំនងអន្តរជាតិ ដែលផ្អែកលើច្បាប់និងការគោរពអធិបតេយ្យ និងការគោរពបូរណភាពទឹកដីនៃរដ្ឋឯករាជ្យ ព្រមទាំង បានសម្តែងនូវសាមគ្គីភាព និងនៅឈរជាមួយប្រជាជនអ៊ុយក្រែនក្នុងគ្រាដ៏លំបាកនៃ សង្គ្រាម ដែលពោរពេញដោយវិនាសកម្មនេះ ។
នៅវិមានអេលីហ្សេ (Élysée Palace) បន្ទាប់ពីការទទួលការស្វាគមន៍ប្រកបដោយកិត្តិយស និង យ៉ាងកក់ក្តៅបំផុត ពីសំណាក់ លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើសន្និសីទកាសែតរួមជាមួយនឹងលោកប្រធានាធិបតីបារាំង បន្ទាប់មកបានធ្វើ ការផ្លាស់ប្តូរ ពិភាក្សាគ្នាប្រកបដោយភាពស្និទ្ធស្នាល ស្មោះត្រង់ និងជឿទុកចិត្ត គ្នា លើប្រធានបទ សំខាន់ៗជាច្រើននៃការពង្រឹងពង្រីកចំណងមិត្តភាព និងប្រវត្តិសាស្ត្រ ព្រមទាំងកិច្ចសហប្រតិបត្តិ ការរវាងកម្ពុជានិងបារាំង។
សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោកប្រធានាធិបតីបារាំង បានអបអរសាទរ និងពេញចិត្តចំពោះ វឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាព និងប្រវត្តិសាស្រ្ដដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសយើងទាំងពីរ ជាពិសេស នៅក្នុងវិស័យសេដ្ឋកិច្ច ធុរកិច្ច អប់រំ ទឹកស្អាត ធារាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ការប្រែប្រួលអាកាសធាត ថាមពលកកើតថ្មី (កើតចេញពីពន្លឺ ព្រះ អាទិត្យ) កសិកម្ម កសិ-ឧស្សាហកម្ម វប្បធម៌ បេតិកភណ្ឌ ទេសចរណ៍ … ។ល។
ថ្នាក់ដឹកនាំទាំងពីរបានអបអរសាទរខួបទី៣០នៃការបញ្ចូលរមណីដ្ឋានអង្គរប្រវត្តិសាស្ត្រអង្គរនៅក្នុងបញ្ជីបេតិកភណ្ឌពិភាពលោកនៃអង្គការយូណេស្កូ នៅខែធ្នូ ឆ្នាំ២០២២នេះ ព្រមទាំងអបអរ សាទរ ការប្រារព្ធខួបទី៣០របស់គណៈកម្មាធិការអន្ដរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍ រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ (ICC-Angkor) និងខួប៧០ឆ្នាំនៃឯករាជ្យភាពរបស់ កម្ពុជា នៅឆ្នាំ២០២៣ ខាងមុខ ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ផងដែរ ក្នុងនាមជាដៃគូសន្ទនាប្រកបដោយការជឿទុក ចិត្តគ្នាស្តីពីប្រធានបទតំបន់និងពិភពលោក រួមមាន ប្រធានប្តូរវេនអាស៊ានរបស់កម្ពុជា យុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក ករណីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន … ។ល។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពក្នុងការធ្វើការអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ នូវការវាយប្រហារតាម អាកាស និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន) ប្រឆាំងនឹងប្រជាជន និងហេដ្ឋា រចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន។
នៅចុងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកប្រធានា ធិបតី អេម៉ានុយអែល ម៉ាក្រុង ចំពោះបដិសណ្ឋាកិច្ចដ៏កក់ក្តៅ និងការផ្តល់នូវការស្រឡាញ់រាប់អាន យ៉ាងជ្រាលជ្រៅ និងរាក់ទាក់បំផុត ។
នៅក្នុងកិច្ចប្រជុំរៀបចំឡើងដោយសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International) បន្ទាប់ពីបានស្វាគមន៍យ៉ាងកក់ក្តៅ ដោយលោក ហ្វ្រង់ស្វ័រ ខរបាំង (Francois Corbin) ប្រធាន ក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងជាតំណាងពិសេសរបស់ក្រសួងការបរទេស បារាំង សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសអាស៊ាន ដែលបានវាយតម្លៃខ្ពស់ចំពោះកាលានុវត្តភាព និងភាពអំណោយផលនៃបរិយាកាសធុរកិច្ច និងវិនិយោគរបស់កម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើបទអន្តរាគម៍បង្ហាញដល់ធុរជន និងវិនិយោគិន ប្រធាននិងជាតំណាងក្រុមហ៊ុនបារាំង អំពី លទ្ធភាពដែលកម្ពុជាអាចងើបចេញពីវិបត្តិ Covid-19 ទាំងនេះបានយ៉ាងឆាប់រហ័ស ដោយរក្សាបាន នូវភាពធន់នៃសេដ្ឋកិច្ចនិងដែលបានអនុញ្ញាតឱ្យកម្ពុជានៅតែអាចឈរជើងជាគោលដៅវិនិយោគដ៏មានសក្តានុពលមួយនៅក្នុងតំបន់។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរអំពីសក្ដានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជា និងបាន អំពាវនាវឱ្យក្រុមហ៊ុនបារាំងអញ្ជើញមកធ្វើការសិក្សា ស្វែងយល់ និងបណ្តាក់ទុនវិនិយោគនៅ កម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហ ប្រតិបតិ្តការទ្វេភាគី និងពហុភាគីនានា ជាពិសេសក្នុងវិស័យកែច្នៃចំណីអាហារ វិស័យវេជ្ជសាស្រ្ត និងឱសថ វិស័យកម្មន្តសាលធុន ស្រាល និងវិស័យយានយន្តជាដើម។ សម្តេចតេជោ បានធានាជូនវិនិយោគិនគ្រប់រូបនូវ បរិស្ថានវិនិយោគប្រកបដោយភាពអំណោយផល ជាពិសេស សន្តិភាព សន្តិសុខ និងស្ថិរភាព នយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងក្របខណ្ឌច្បាប់ ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។
នៅក្នុងជំនួបដាច់ដោយឡែកមួយទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោក Nicolas Notebeart អគ្គនាយក ក្រុមហ៊ុន Vinci Airports របស់បារាំង បានពិភាក្សាគ្នាអំពីវឌ្ឍនភាពនៃភាព ជាដៃគូវិនិយោគរបស់ក្រុមហ៊ុន Vinci និងរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍនិងប្រតិបត្តិការអាកាស យានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជា។ សម្តេចតេជោ បានអបអរសាទរ ក្រុមហ៊ុន Vinci Airports ដែលនាពេលបច្ចុប្បន្ននេះ ទទួលបានកិច្ចសន្យាសម្បទានគ្រប់គ្រងព្រលានយន្តហោះជាង៥០ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និង អាមេរិក ដោយសារបានប្រើប្រាស់គម្រូកិច្ចសន្យាសម្បទាននៅកម្ពុជា ដែលកិច្ចសន្យាដំបូងគេបង្អស់ និងគម្រោងពង្រីកទ្រង់ទ្រាយធំព្រលានយន្តហោះ អន្តរជាតិ ខេត្ត ព្រះសីហនុ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ខាងមុខ។ លោក Nicolas Notebeart បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ សម្តេចតេជោដែលតែងតែផ្តល់សេចក្តីទុកចិត្តដល់ក្រុមហ៊ុន Vinci ចំពោះភាពជាដៃគូឈ្នះឈ្នះជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាចាប់តាំង ពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតមកទល់នឹងពេលបច្ចុប្បន្ន ៕