(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានលើកឡើងថា កម្ពុជាកំពុងប្រឹងប្រែងធ្វើដំណើរយ៉ាងសកម្ម ដើម្បីឆ្ពោះទៅសម្រេច ចក្ខុវិស័យ រប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយ ជាប្រទេសមានចំណូលខ្ពស់ នៅស្របតាមគន្លងមាគ៌ាអភិវឌ្ឍន៍ ដែលបានដាក់ចេញនូវ ចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០។
ការលើកឡើងរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានទទួលជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយលោក Dominic Williams ឯកអគ្គរាជដ្ឋទូតវិសាមញ្ញ និងពេញសមត្ថ ភាពអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា «កម្ពុជាកំពុងប្រឹងប្រែងធ្វើដំណើរ យ៉ាងសកម្មឥតឈប់ឈរ ដើម្បីសម្រេចបាននូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីតម្រង់ទិសឆ្ពោះទៅសម្រេចចក្ខុវិស័យ ក្នុងការប្រែក្លាយ កម្ពុជាទៅក្លាយជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមាន ចំណូលខ្ពស់ នៅស្របតាមគន្លងមាគ៌ាអភិវឌ្ឍន៍ ដែលបានដាក់ចេញនូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។
អគ្គបណ្ឌិតសភាចារ្យបញ្ជាក់ថា កម្ពុជានៅតែត្រូវការការគាំទ្រផ្នែកហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ពីដៃគូអភិវឌ្ឍន៍នានាដល់កម្ពុជា រួមទាំងចក្រភពអង់គ្លេស និងកិច្ចសហប្រតិបត្តិការ ទាំងពាណិជ្ជកម្ម និងការវិនិយោគពីចក្រភពអង់គ្លេសជាបន្តទៀត។
អគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស, ដែលបានគាំទ្រ និងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នៅកម្ពុជា ក្នុងរយៈពេលកាលកន្លងទៅមក។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍មួយរបស់កម្ពុជាចក្រភពអង់គ្លេសបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ដោយផ្តោតលើវិស័យសង្គមកិច្ច (សុខាភិបាល និងអប់រំ), វិស័យអភិបាលកិច្ច, វិស័យ អភិវឌ្ឍន៏ជនបទ និងវិស័យបោសសម្អាតមីន រួមទាំងគាំទ្រដល់កិច្ចដំណើរការ របស់អង្គជំនុំជម្រះ វិសាមញ្ញ ក្នុងតុលាការកម្ពុជា ដែលបានរួមចំណែកឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា។
អគ្គបណ្ឌិតសភាចារ្យបញ្ជាក់ថា ចក្រភពអង់គ្លេសបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកម្ពុជា ឆ្លើយតបភ្លាមៗ ក្នុងកាលៈទេសៈដ៏លំបាក ក្នុងនោះបានផ្តល់វ៉ាក់សាំង AstraZeneca ចំនួន ៤១៥០០០ដូស និងហិរញ្ញប្បទានឥតសំណងចំនួន៦០០០០ដុល្លារអាមេរិក ព្រមទាំងរថយន្ត សង្គ្រោះបន្ទាន់ Ambulance ១គ្រឿងដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការសម្របខ្លួនកាន់តែលឿនទៅនឹង និន្នាការថ្មីៗ ក្រោយវិបត្តិនៃជំងឺកូវីដ១៩ បានក្លាយជាអាទិភាពសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ក្នុងបរិបទនេះកម្ពុជាកំពុងអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក ម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ឡើង វិញ។
ក្នុងនោះមានសរសរសស្តម្ភចំនួន៣រួមមាន៖ ការស្តារឡើងវិញ, ការកែទម្រង់ និងការកសាងភាព ធន់។ ក្នុងការស្តារសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់, ជាការពិត កម្ពុជា ត្រូវការពង្រឹងការត ភ្ជាប់ពាណិជ្ជកម្ម, ជំរុញការចាប់យកកាលានុវត្តភាពពីឌីជីថលនីយកម្ម កៀរគៀគរហិរញ្ញប្បទានក្នុង ស្រុក សម្រាប់ការស្តារកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជំរុញការវិនិយោគពីវិស័យឯកជន ដើម្បី ពន្លឿនការអភិវឌ្ឍបៃតង។
ទន្ទឹមនឹងនេះកម្ពុជាបាននិងកំពុងអនុវត្ត ក្របខ័ណ្ឌគោលនយោបាយបថមស្តីពី ការអភិវឌ្ឍមូលបត្រ រដ្ឋ ដោយនឹងរួមបញ្ចូលនូវអំពីការគិតគូរអំពីការអភិវឌ្ឍន៍ ឧបករណ៍ហិរញ្ញវត្ថុ ដែលឆ្លើយតបទៅនឹង ការប្រែប្រួល អាកាសធាតុផងដែរ។
ឯកអគ្គរាជដ្ឋទូត បានកោតសសើរ និងបានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេច បានលទ្ធផលល្អប្រសើរ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងបើកដំណើរការសកម្ម ភាពសង្គម សេដ្ឋកិច្ចឡើងវិញ បានយ៉ាងឆាប់រហ័ស។
លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រ និងជួយចក្រភពអង់គ្លេស ឲ្យក្លាយជាដៃគូសន្ទនា របស់អាស៊ាន ចក្រភពអគ្លេសនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ ទំនងស៊ីជម្រៅ ពិសេស ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ២។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ចក្រភពអង់គ្លេសផ្តោតលើវិស័យសក្ដានុពលដូចជា សេវាកម្ម ហិរញ្ញវត្ថុ, វិស័យអប់រំ, ហេដ្ឋារចនាសម្ព័ន្ធ និងធានារ៉ាប់រង ពិសេសមូលបត្របៃតង ដែលអាចជំរុញ នូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ ចក្រភពអង់គ្លេសជាប្រទេសមាន បទពិសោធជាច្រើន លើសេវាកម្មហិរញ្ញវត្ថុ និងមានទីផ្សារហិរញ្ញវត្ថុធំ ដែលអាចក្លាយជាដៃគូ វិនិយោគរបស់កម្ពុជា ស្របពេលដែលកម្ពុជាកំពុងមានត្រូវការអភិវឌ្ឍលើវិស័យទាំងនោះ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕