សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំរហូតដល់ជិត៩០០គីឡូក្រាម នៅក្រុងព្រះសីហនុ


ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ច នៃទីបញ្ជាការដ្ឋាន កងរាជ អាវុធហត្ថខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ រកឃើញថ្នាំញៀនចំនួន៣៤បាវ ដែលមានទម្ងន់រហូតដល់៨៨៤គីឡូក្រាម។ ចាត់ទុកថា ជាប្រតិបត្តិការ ស៊ើបអង្កេត ស្រាវជ្រាវ ប្រកបដោយជំនាញបំផុត។

លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះថា៖ ប្រតិបត្តិការនៃការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ កម្លាំងកងរាជអាវុធហត្ថរបស់លោកក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ច័ន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវរហូតឈានទៅដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀន រកឃើញគ្រឿងញៀនជិត៩០០គីឡូក្រាម»។

បន្ថែមពីនេះ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា វត្ថុតាងត្រូវបានយកមករក្យាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

ចំពោះជនសង្ស័យកម្លាំងមន្ទីរជំនាញបានពន្លាតដែនដីសមត្ថកិច្ចទៅតាមរាជធានី-ខេត្ត ដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធ តាមជំនាញ ដោយប្រើពេលសហការជាមួយសមត្ថកិច្ច ដែនដីពាក់ព័ន្ធបន្ថែមទៀត ៕