ផ្ទុះករណីប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ ប្រព្រឹត្តអំពើពុករលួយ ក្លែងបន្លំឯកសារកិបកេងថវិកាជាតិ, មន្ត្រីថ្នាក់ក្រោមប្តឹងទៅរដ្ឋមន្ត្រីក្រសួងអប់រំ សុំឲ្យបញ្ចប់តំណែង ខណៈក្រសួងអប់រំកំពុងស្រាវជ្រាវ


(ត្បូងឃ្មុំ)៖ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ត្រូវបានមន្ត្រីថ្នាក់ ក្រោមរបស់ខ្លួន រាប់ចាប់ពីអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុការិយាល័យ នាយកសាលា ដល់បុគ្គិលអប់រំ បានបញ្ចេញភស្តុតាង និងសំណុំឯកសារជាច្រើន ចោទប្រធានមន្ទីររូបនេះ ថាបាន ប្រព្រឹត្តអំពើពុករលួយ ក្លែងបន្លំឯកសារសាធារណៈ ដើម្បីកិបកេងថវិកាជាតិរាប់រយលានរៀល សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។

ពាក់ព័ន្ធករណីនេះ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ ប្រាប់នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះយ៉ាងខ្លីថា ក្រសួងកំពុងស្រាវជ្រាវករណីនេះ ដោយការយកចិត្ត ទុកដាក់។

យោងតាមសំណុំឯកសារជាច្រើន ដែលទទួលបាននៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ មន្ត្រីអប់រំទាំង នោះ ក៏បានដាក់ពាក្យស្នើសុំឲ្យឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ចប់តំណែងលោក អ៊ិន ពៅសម្បត្តិ ពីប្រធានមន្ទីរអប់រំត្បូងឃ្មុំផងដែរ ដោយសារអះអាងថា ក្រោម ការដឹកនាំរបស់លោកប្រធានមន្ទីរ រយៈពេលប៉ុន្មានឆ្នាំមកនេះ គិតតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។

ក្រៅតែពីការរៀបរាប់ពីការដឹកនាំគ្មានតម្លាភាព និងគណនេយ្យភាព ក្នុងអង្គភាពរបស់ប្រធានមន្ទីរ អប់រំខេត្តត្បូងឃ្មុំហើយនោះ, មន្ត្រីទាំងនោះ បានលើឡើងនូវភាពមិនប្រក្រតី លើកការកិបកេង ថវិកាជាតិ ពីសំណាល់លោក អ៊ិន ពៅសម្បត្តិ ផងដែរដោយអះអាងថា ប្រធានមន្ទីររូបនេះដោយបាន កាត់យកប្រាក់គ្រូកិច្ចសន្យាខែមករា ឆ្នាំ២០២១ ចំនួន៩៥ នាក់ ក្នុងស្រុកមេមត់ចំនួនថវិកាជិត ៩៧ លានរៀល ដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួន ហើយក្រោយមកបែកធ្លាយរឿងនេះ ក៏ប្រមូលលុយយកមក វិញ ឱ្យការិយាល័យគណនេយ្យ ធ្វើនីតិវិធីបង្វិលចូលរដ្ឋ តែមកទល់ពេលនេះ ថវិកាមិនទាន់បាន បង្វិលនៅឡើយទេ។

មន្ត្រីអប់រំទាំងនោះបន្ថែមថា លោកប្រធានមន្ទីរបានក្លែងបន្លំឯកសារគ្រូបង្រៀនពីរពេលចំនួន១៨ នាក់ ដោយសាម៉ីខ្លួនពុំបានដឹងទាល់តែសោះ នូវទឹកប្រាក់ចំនួន ២០១ លានរៀល ក្រោយបែកការ ថាថវិកានេះ ក៏បង្កើតពាក្យដោះសារថា បង្កើនកូតាដើម្បីកុំឲ្យក្រសួងកាត់ឆ្នាំក្រោយ ប៉ុន្តែជាតាម ធម្មតាចំនួនកូតាប្រើប្រាស់ក្របខណ្ឌ គួរតែរក្សាចំនួនឆ្នាំចាស់ ឬថយជាមុន ព្រោះមានគ្រូក្របខណ្ឌ ចេញថ្មី មកបំពេញចន្លោះខ្វះខាត និងដើម្បីសន្សំសំចៃថវិការដ្ឋ។ បន្ថែមលើសពីនេះ បានក្លែង បន្លំឯកសារប្រាក់តំបន់ និងគ្រូជាប់ការងារបោះឆ្នោតជាច្រើនថែមទៀត ដើម្បីបង្វែរថវិកាដាក់ក្នុងហោ ប៉ៅផ្ទាល់ខ្លួន។

ពួកគាត់សង្កត់ធ្ងន់ថា «លោក អ៉ិន ពៅសម្បត្តិ មិនមែនជាអ្នកពាក់ព័ន្ធទេ តែជាមេក្លោងនៃរឿងនេះ តែម្ដង ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នា អស់ទំនុកចិត្ត និងទទួលរងនូវភាពអាម៉ាស់ លើការដឹកនាំរបស់ លោកប្រធានមន្ទីរ ជាមួយកិត្តិយសវិស័យអប់រំខេត្ត អាប់ឱន ដែលមិនអាចទៅអប់រំ ដឹកនាំការងារអប់រំ យុវជន និងកីឡាក្នុងមន្ទីរ ក៏ដូចគ្នានឹងគ្រឹះស្ថានសិក្សាបានទៀតនោះទេ»

អង្គភាពព័ត៌មានក្នុងស្រុកមួយ បានទំនាក់ទំនងលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ តាមរយៈទូរស័ព្ទដែរ នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ ប៉ុន្តែទូរស័ព្ទខលចូល គ្មាន អ្នកទទួល៕