(កៀវ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ ២០២២ គឺ ក្រុមមន្រ្តីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៉ីបានបាញ់ផ្លោងមកលើខ្សែបន្ទាត់ ជួរមុខ នៅសមរភូមិតំបន់ដូណេត (Donetsk) ភាគខាងកើតប្រទេស នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលវាហាក់បីដូចជាធ្វើឡើងតាមគោលដៅពង្រីកតំបន់ដណ្តើមកាន់កាប់ របស់វិមានក្រឹមឡាំង។
ថ្លែងតាមទូរទស្សន៍ អភិបាលតំបន់ដូណេត លោក ប៉ាវឡូ គីរីលេនកូ (Pavlo Kyrylenko) បាន និយាយថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុត គឺនៅជិតទីប្រជុំជនទីក្រុងបាកមុត (Bakhmut) និងទីក្រុង អាវឌីវកា (Avdiivka)។ កាំភ្លើងធំបានវាយប្រហារទីក្រុងតូរ៉េស្ក៍ (Toretsk) ភាគនិរតីនៃទីក្រុងបាក មុត សម្លាប់ជនស៊ីវិលម្នាក់ និងខូចខាតអគារចំនួន ១២កន្លែង។ សមរភូមិមុខទាំងមូលកំពុងរងនូវការបាញ់ផ្លោង ហើយកងទ័ពរុស្ស៊ីក៏កំពុងព្យាយាមឆ្ពោះទៅក្បែរ ទីក្រុងលីម៉ាន់ (Lyman) ដែលកងកម្លាំងអ៊ុយក្រែនដណ្តើមបានមកវិញ នៅក្នុងខែវិច្ឆិកា។
អភិបាលតំបន់ខាកៀវ លោក អូឡេហ៍ ស៊ីនីហ៊ូបូវ (Oleh Synehubov) បានឲ្យដឹងតាមរយៈ បណ្តាញតេឡេក្រាមថា កាំភ្លើងធំរបស់រុស្ស៊ីបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុង ទីក្រុងគូប៉ែនស្ក៍ (Kupiansk) និងទីក្រុងហ្សូឡូឆេវ (Zolochiv) ភាគឦសានតំបន់ខាកៀវ រួមទាំង ទីក្រុងអូឆាកៀវ (Ochakiv) នៃតំបន់ម៉ាយកូលេវ (Mykolaiv) ៕