(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នៅវេលាម៉ោង ១០យប់ថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចបានដឹកនាំគណៈប្រតិភូកម្ពុជា ទៅអឺរ៉ុប ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប នៅបែលហ្សិក និងទស្សនកិច្ចការងារ នៅបារាំង។
សម្តេចតេជោ ហ៊ុន សែន បានអរគុណជនរួមជាតិដែលរស់នៅតាមបណ្តាប្រទេសនានានៅអឺរ៉ុប ដែលបានចេញសារគាំទ្រដំណើររបស់សម្តេច និងត្រៀមស្វាគមន៍សម្តេចនៅព្រុចសែល។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា នឹងបានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ខ្មែរនៅអឺរ៉ុប នៅល្ងាចថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២៣ នៅព្រុចសែល តាមការគ្រោងទុក។
យោងតាមក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរអញ្ជើញចេញទីក្រុងព្រុចសែល ប្រទេស ហែលហ្ស៉ិក របស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូ សន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយលោក ឆាល មីសែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលនឹងធ្វើ ឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងការបរទេស បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀតផងដែរ។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំពេញអង្គនៃជំនួបកំពូលរំលឹកខួបនេះ នឹងពិនិត្យ ឡើងវិញនូវ កិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ន និងកំណត់ទិសដៅ អនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។
ថ្នាក់ដឹកនាំរំពឹងថា នឹងផ្តោតការពិភាក្សាទៅលើវិធីដើម្បីពង្រឹងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជា ជន និងប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ ការធានាបាននូវការផ្លាស់ប្តូរបៃតង ថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងការចាប់អារម្មណ៍រួម ផងដែរ។
ក្រសួងបានឱ្យដឹងទៀតថា កំលុងពេលនៃកិច្ចប្រជុំកំពូលរំលឹកខួបនេះ ព្រឹត្តិការណ៍អមជាច្រើននឹង ត្រូវបានរៀបចំឡើង រួមមានអាហារថ្ងៃត្រង់តុមូល កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបលើក ទី១០ កិច្ចប្រជុំកំពូលយុវជន អាស៊ាន-សហភាពអឺរ៉ុប និងការអបអរសាទរកិច្ចសហប្រតិបត្តិការប្រជា ជនអាស៊ាន-សហភាពអឺរ៉ុប ស្តីពីឧត្តមសិក្សា។
សូមបញ្ជាក់ថា វត្តមាននៅអឺរ៉ុបនាពេលនេះ មុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋ បារាំង។ លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅវិមានអេលីហ្សេ (Élysée Palace) ហើយនឹងរៀបចំអាហារការងារ ពេលល្ងាចជាកិត្តិយសជូន សម្តេចតេជោ។
សម្តេចតេជោ ក៏នឹងអញ្ជើញចូលរួមក្នុងសន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន ជួប ប្រជុំជាមួយក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងជំនួបជាមួយតំណាងក្រុមហ៊ុន Vinci Airport។
អំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល សម្តេចតេជោនាយករដ្ឋមន្ត្រី រំពឹងថា នឹងមានជំនួបពិភាក្សា ទ្វេភាគីជាមួយថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន។
សម្តេចតេជោ ក៏នឹងមានកម្មវិធីពិសាអាហារការងាពេលព្រឹកជាមួយលោក ផាម មិញជិញ នាយករដ្ឋ មន្ត្រីវៀតណាម និង លោក ផនខាំ វិផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកបុណ្យសមុទ្រនៅខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា កិច្ច ប្រជុំកំពូលអាស៊ាន និងអឺរ៉ុបនៅពេលនេះ នឹងមានការជជែកគ្នាជាចាំបាច់ពីបញ្ហាសង្គ្រាមនៅ អ៊ុយ ក្រែន និងសន្តិភាពក្នុងតំបន់អឺរ៉ុប។ សម្តេចតេជោ បានបញ្ជាក់ដែរថា វត្តមានសម្តេចនៅអឺរ៉ុប មិនមែន យកប្រេងទៅចាក់លើភ្លើងសង្គ្រាមនោះទេ តែជាកិច្ចប្រឹងប្រែងមួយ ដើម្បីស្វែងរកសុខសន្តិភាព នៅតំបន់អឺរ៉ុប៕