លោក ហ្សេលេនស្គី អំពាវនាវឱ្យប្រជាជនអ៊ុយក្រែន តស៊ូជម្នះ ក្នុងរដូវរងាដ៏អាក្រក់

(កៀវ)៖ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យប្រជាជនអ៊ុយក្រែនទាំងអស់ មានការអត់ធ្មត់ និងរឹងមាំ ដើម្បីតស៊ូជម្នះលើរដូវរងាដ៏អាក្រក់ ខណៈ អាជ្ញាធរកំពុងប្រឹងប្រែងស្ដារថាមពល និងសេវាសំខាន់ៗជាច្រើន ដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហារតាមផ្លូវអាកាសពីសំណាក់រុស្ស៉ី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។
រុស្ស៉ីបានបង្កើនការវាយប្រហារតាមផ្លូវអាកាស បំផ្លិចបំផ្លាញហេដ្ឋរចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ចាប់តាំងពីដើមខែតុលាមកម្ល៉េះ ដោយបណ្ដាលឱ្យប្រជាជនអ៊ុយក្រែន រាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ នៅចំពោះមុខអាកាសធាតុដ៏ត្រជាក់នៃរដូវរងា។ នៅក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ដើម្បីឆ្លងកាត់រដូវរងានេះ យើងត្រូវតែមានការអត់ធ្មត់ខ្ពស់ និងរួបរួមគ្នាជាងពេលណាៗទាំងអស់។ យើងមិនអាចបណ្ដោយឱ្យ ជម្លោះផ្ទៃក្នុងណាមួយ និងការវាយប្រហារតាមផ្លូវអាកាស ធ្វើឱ្យពួកយើងចុះញ៉មនោះទេ….»។
គួរបញ្ជាក់ថា ក្រុមប្រទេសលោកខាងលិច បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់រុស្ស៉ី ដែលមានគោលដៅបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល នៅទូទាំងប្រទេសអ៊ុយក្រែន។ ប៉ុន្តែ ខាងទីក្រុងមូស្គូ នៅតែអះអាងថាការវាយប្រហាររបស់ខ្លួនមិនមានគោលដៅលើជនស៊ីវិលឡើយ បើទោះជាទីក្រុងកៀវចាត់ទុកថា ការវាយប្រហារនេះជាឧក្រិដ្ឋកម្មសង្រ្គាមក៏ដោយ៕