អេស្តូនី ព្រមានបោះឆោ្នតជំទាស់នឹង ការកំណត់តម្លៃប្រេងរុស្ស៉ី របស់ EU


 (តាលិន)៖  យោងតាមការដកស្រង់ផ្សាយពីសារព័ត៌មាន RT នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ គឺ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេស្តូនី លោក អ៊ួរម៉ាស រ៉ែនសាលូ (Urmas Reinsalu) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា តម្លៃប្រេងរុស្ស៊ីដែលស្នើឡើងដោយគណៈកម្មការអឺរ៉ុប គឺខ្ពស់ពេក ហើយអាចត្រូវបានជំទាស់ដោយអេស្តូនី។

សំណើរបស់ទីក្រុងប្រ៊ុចសែលដើម្បីកំណត់តម្លៃប្រេងឆៅរុស្ស៉ី គឺមានចន្លោះពី៦៥ដុល្លារ ទៅ៧០ ដុល្លារ ក្នុងមួយបារ៉ែល។ គេរពឹងថាការកំណត់តម្លៃប្រេងនេះ នឹងកាត់បន្ថយប្រាក់ចំណូលពីប្រេង សម្រាប់រុស្ស៉ី។

ដោយដកស្រង់សម្តីរបស់លោក រ៉ែនសាលូ ទូរទស្សន៍រដ្ឋ ERR របស់អេស្តូនី បានរាយការណ៍ ថា «អេស្តូនីរកឃើញថាមហិច្ឆតានៃការកំណត់តម្លៃនេះគឺអន់ពេក ដែលអាចនាំឲ្យសហភាពអឺរ៉ុប បរាជ័យក្នុងការទទួលបាន ការយល់ព្រមលើកញ្ចប់ទណ្ឌកម្មទី៩នេះ ដោយលើកហេតុផលថា ទីក្រុង មូស្គូនឹងនៅតែរកប្រាក់ចំណូលបានច្រើនពីតម្លៃបែបនោះ»

សូមបញ្ជាក់ថា ការព្រមានរបស់អេស្តូនីខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមេដឹកនាំសហភាពអឺរ៉ុប បានទម្លាក់តម្លៃដែលបានដាក់ចេញរួចហើយ ដោយបានធ្វើឲ្យការផ្គត់ផ្គង់ផ្នែកដឹកជញ្ជូនមួយចំនួន ធ្លាក់ចុះ ឬពន្យារពេលក្រោមសម្ពាធនៃការអនុវត្តវិធានការនេះ។ ប្រសិនបើវិធានការនេះត្រូវបានអនុម័តនោះនឹងហាមឃាត់ក្រុមហ៊ុនលោកខាងលិចមិនឲ្យផ្តល់ការធានារ៉ាប់រង ដល់ឈ្មួញកណ្តាល ឬជំនួយហិរញ្ញវត្ថុដល់នាវាដែលផ្ទុកប្រេងឆៅរបស់រុស្ស៊ី លុះត្រាតែ ទំនិញដែលទិញរួចត្រូវលក់ក្រោមតម្លៃដែលបានព្រមព្រៀងគ្នា៕