រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ចាត់ទុកកីឡាជាតិ គឺជាឱកាសដុសខាតសមត្ថភាពកីឡាករ-កីឡាការិនីត្រៀម ស៊ីហ្គេម ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC បានចាត់ទុកការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ គឺជា ឱកាសដុសខាតសមត្ថភាពកីឡាករ-កីឡាការិនីដ៏សំខាន់ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។ការលើកឡើងនេះ បន្ទាប់ពីលោករដ្ឋ មន្ដ្រីបានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡារាំ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ កាលពីល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន បន្ទាប់ពីដំណើរ ការប្រកួតអស់រយៈពេល ២ថ្ងៃ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៣៩នាក់ មកពី ៤ក្រសួង និងខេត្ត ។

ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា នេះជាលើកទី១ ហើយ ដែលកីឡារាំ ត្រូវបានបញ្ចូលក្នុង ការប្រកួតកីឡាជាតិ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់កម្ពុជា ពិសេសសហព័ន្ធកីឡាជាតិនី មួយៗ ត្រៀមលក្ខណៈ ទាំងធនធានមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនីឆ្ពោះទៅព្រឹត្តិការណ៍ ប្រវត្តិសាស្ដ្រលើកដំបូង ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ។

ឯកឧត្តម រដ្ឋមន្ដ្រីបន្ដថា «ព្រឹត្តិការណ៍កីឡាជាតិនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែ ជាការកសាងសមត្ថភាពទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បី ត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ខាងមុខ»

ជាមួយគ្នានោះ ដើម្បីរួមចំណែកជាមួយសហព័ន្ធកីឡារាំកម្ពុជា ឯកឧត្តម រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ក៏បានឧបត្ថម្ភថវិកាសរុបចំនួន ៦ពាន់ដុល្លារ ដល់សហព័ន្ធ សម្រាប់ប្រើប្រាស់លើការងារអភិវឌ្ឍន៍ វិស័យកីឡារាំកម្ពុជា ពិសេសការទិញនូវឯកសណ្ឋានកីឡារាំស្ដង់ដារ ដែលមានតម្លៃថ្លៃផ្ដល់ជូន ដល់កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា តបតាមការអំពាវនាវរបស់លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធទៀតផង ។

លោកស្រី ញ៉ែម មរកត បានបញ្ជាក់ថា ការរៀបចំប្រកួតកីឡារាំ នៃកីឡាជាតិនេះ ធ្វើឡើងក្នុងគោល បំណង ត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងធ្វើការផ្សព្វផ្សាយ ដើម្បីអភិវឌ្ឍ កីឡារាំកម្ពុជាឲ្យដូចបណ្តាលប្រទេសនានា បង្កើតឱកាសឲ្យយុវវ័យបង្ហាញនូវជំនាញរាំអន្តរជាតិ ពិតប្រាកដ និងជំរុញលើកទឹកចិត្តឲ្យយុវវ័យចេះហ្វឹកហាត់ជាក្រុម ដើម្បីបញ្ចេញភាពស្រស់ស្អាត និងជំនាញរាំទំនើបទាន់សម័យ។ មិនតែប៉ុណ្ណោះ តាមរយៈព្រឹត្តិការណ៍កីឡាជាតិនេះ ក៏បានដុស ខាត់សមត្ថភាពមន្ត្រីរៀបចំបច្ចេកទេសឲ្យកាន់តែល្អប្រសើរ ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ។ នេះបើតាមការបន្ថែមរបស់ប្រមុខសហព័ន្ធខាងលើ ។

ក្រឡេកមកចាប់អារម្មណ៍លទ្ធផលបច្ចេកទេស នៃកីឡារាំ ក្នុងព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះវិញ រួម មានក្រុមអត្តពលិកខេត្តកំពង់ចាម ដណ្ដើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស ២ និង ប្រាក់ ១, ក្រសួងមហាផ្ទៃ ឈរលេខ២ ឈ្នះមេដាយមាស ១ និងប្រាក់ ២, ក្រសួងការពារជាតិ ឈរ លេខ៣ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ២ និងខេត្តកណ្ដាល ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ២ ឈរលេខ៤ ៕