អន្តរសភាអាស៊ាន លើកទី៤៣ បង្ហាញពីការបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសភា និងដៃគូសន្ទនា


 (ភ្នំពេញ)៖ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ បានបង្ហាញពីកិច្ចសហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធរវាងសភាក្នុងតំបន់ និងដៃគូសន្ទនា ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពខ្ពស់ លើ បញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោក។

គណៈប្រតិភូអាយប៉ា បានប្រជុំពេញអង្គលើកទី១ នៅថ្ងៃទី២១ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ដោយ ផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាអាយប៉ា សំដៅរក្សាស្ថិរភាព សន្តិសុខ ការអភិវឌ្ឍ ប្រកបដោយចីរភាព និងភាពធន់ និងការស្តារឡើងវិញសង្គម-សេដ្ឋកិច្ច នៅក្រោយវិបត្តិកូវីដ១៩ ក្នុងតំបន់ និងពិភពលោក។

សម័យប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាត អាយប៉ាលើកទី៤៣ ក្រោមមូលបទ «បោះជំហាន ជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន» ដឹកនាំដោយ សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអន្តរសភាអាស៊ាន លើកទី៤៣ និង គណៈប្រតិភូសភានៃប្រទេសអាស៊ានចំនួន៨។

ក្នុងកិច្ចប្រជុំនោះ សម្តេចពញាចក្រីហេងសំរិន បានលើកឡើងពីសារសំខាន់និងតួនាទីនៃស្ថាប័ន សភានៃរដ្ឋសមាជិកអាស៊ាន ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់សំដៅ រក្សាស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ១៩។

ជាមួយគ្នានេះថ្ងៃបើកមហាសន្និបាត គឺមានកិច្ចប្រជុំចំនួន៣ធំៗ រួមមាន៖ សម័យប្រជុំពេញអង្គលើកទី១, កិច្ចប្រជុំសភាសមាជិកស្ត្រីអាយប៉ា (វ៉ាយប៉ា) និងកិច្ចប្រជុំសមាជិក សភាវ័យក្មេងអាយប៉ា (វ៉ាយភឺអេ)។ កិច្ចប្រជុំនេះ គឺអាយប៉ា បានពិភាក្សាគ្នា ដើម្បីលើកកម្កើង កិត្យានុភាពរបស់អាយប៉ា បង្កើនភាពស្និតស្នាលជាមួយសភាក្នុងតំបន់ និងពិភពលោកបន្ថែមទៀត។

ដោយឡែកសម្រាប់កិច្ចប្រជុំសមាជិកសភាស្ត្រីអាយប៉ា គឺបានពិភាក្សា និងអនុម័តលើរបាយការ ណ៍មួយចំនួនរួមមាន៖ ការសម្របសម្រួលដល់ស្ត្រីវាយប៉ា ពង្រឹងភាពអង់អាចរបស់ស្ត្រី និងការ លើកម្ពស់ស្ត្រីជាតំណាងរាស្ត្រ ដើម្បីតម្កើងកិត្តិយស និងសន្តិសុខជាដើម។ សម្រាប់កិច្ចប្រជុំសមាជិកសភាវ័យក្មេង គឺបានពិភាក្សាដោយផ្សារភ្ជាប់ជាមួយយុវជន ដើម្បីធ្វើយ៉ាង លើកស្ទួយយុវជនឱ្យចូលរួមកាន់តែខ្លាំងបន្ថែមទៀតនៅក្នុងសង្គម៕