អគ្គិភ័យឆេះរោងចក្រ ក្នុងទីក្រុង Anyang នៃប្រទេសចិន ផ្ដាច់ជីវិតមនុស្ស ៣៦នាក់ និង ២នាក់បាត់ខ្លួន

 (ប៉េកាំង)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២​ បានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃអង្គារនេះបានរាយការណ៍ថា មនុស្ស ៣៦នាក់ បានស្លាប់ និង២នាក់់ផ្សេងទៀតរងរបួស នៅក្នុងគ្រោះអគ្គិភ័យ ឆាបឆេះរោងចក្រ មួយកន្លែងនៅក្នុងទីក្រុង អាន់យ៉ាង (Anyang) នៃខេត្តហេណាន់ (Henan) ប្រទេសចិន។

គ្រោះអគ្គិភ័យខាងលើ បានកើតឡើងនៅរោងចក្រមួយមានឈ្មោះថា Kaixinda Trading Co Ltd ស្ថិតនៅក្នុងស្រុកវិនហ្វឹង (Wenfeng) នៃទីក្រុងអាន់យ៉ាង កាលពី រសៀលថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយក្រុមអ្នកពន្លត់អគ្គិភ័យបានបញ្ជូនរថយន្ដពន្លត់អគ្គិភ័យ ៦៣គ្រឿងទៅកាន់កន្លែងកើតហេតុ។ ក្រុមអ្នកពន្លត់អគ្គិភ័យអាច គ្រប់គ្រងស្ថានការណ៍បាននៅម៉ោងប្រហែល ៨យប់ថ្ងៃដដែល រីឯអគ្គី ភ័យត្រូវបានពន្លត់ទាំងស្រុងនៅម៉ោងប្រហែលជា១១យប់។

ប៉ុន្តែ គិតនៅត្រឹមព្រឹកថ្ងៃអង្គារនេះ អាជ្ញាធរចិនបានបញ្ជាក់មនុស្ស ៣៦នាក់បានស្លាប់ និង២នាក់ បានរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯមនុស្ស២នាក់ទៀតកំពុងបាត់ខ្លួននៅ ឡើយ។ ចំណែកឯ មូលហេតុដែលបណ្ដាលឱ្យមានគ្រោះអគ្គិភ័យខាងលើមិនទាន់ត្រូវបានបញ្ជាក់ នៅឡើយទេ៕