កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃវគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមីនថ្នាក់អាស៊ាន និងតំបន់លើកទី៥


 (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន, អនុប្រធានគណៈ កម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមីន និងគ្រប់គ្រងចំការមីនថ្នាក់អាស៊ាន និងថ្នាក់តំបន់លើកទី៥ សម្រាប់ UNPKO។

វគ្គហ្វឹកហ្វឺនគ្រូបង្គោលជំនាញបោសសម្អាតមីនថ្នាក់អាស៊ាន និងតំបន់ ដែលមានរយៈពេល ១៩ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ មានគោលបំណងផ្តល់ការគាំទ្រដល់ប្រតិ បត្តិការសន្តិភាពអង្គការសហប្រជាជាតិ នឹងអនុវត្តតាមរូបមន្ត យុទ្ធសាស្ត្រសកម្មភាពមីន អ.ស.ប (UNMAS) ប្រព័ន្ធគ្រប់គ្រងព័ត៌មានស្ដីពីសកម្មភាពមីន (IMSM ) យុទ្ធសាស្ត្រសកម្មភាពមីនថ្នាក់ ជាតិ (NMAS) និងបទពិសោធន៍ជាក់ស្ដែងដែលបានមកពីអាជ្ញាធរមីនកម្ពុជា ក៏ដូចជាការដកស្រង់ ផ្ទាល់ពីតំបន់បេសកកម្ម មកធ្វើសក្ខីកម្ម សម្រាប់អនុវត្តទាំងនៅក្នុង និងក្រៅប្រទស។

ក្នុងពិធីនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះ ពិតជាមានសារៈ សំខាន់ណាស់ ក្នុងការចែករំលែកព័ត៌មាននិងបទពិសោធន៍ពីគ្នាទៅវិញទៅមក ស្របគ្នានឹងការ យកចិត្តទុកដាក់លើវិស័យមីន ដោយកម្ពុជាបានចាត់ទុកវិស័យនេះ ជាវិស័យអាទិភាពទី១៨បន្ថែម ពីលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងថា កម្ពុជានឹងដកស្រង់មេរៀន បទពិសោធន៍ថ្មីៗ ព្រមទាំងធ្វើនវានុវត្តលើចំណេះជំនាញថែមទៀត ពីការពិភាក្សាស៊ីជម្រៅក្នុងវគ្គហ្វឹកហ្វឺននេះ ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់ខ្លួនថែមទៀត ក្នុងប្រទេសសាម៉ី និងក្នុងប្រតិ បត្តិការរក្សាសន្តិភាពសម្រាប់អនាគត។

នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា សកម្មភាពខាងលើនេះ បានបញ្ជាក់អំពីឆន្ទៈយ៉ាងមុតមាំ របស់កម្ពុជា ក្នុងការពង្រឹងពង្រីកតួនាទីរបស់ខ្លួន ដើម្បី រួមចំណែកដល់សន្តិភាព ស្ថេរភាព និងការ បោសសំអាតមីន ជាលក្ខណៈមនុស្សធម៌នៅលើសកលលោក។

បើតាមឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនគ្រូបង្គោលជំនាញបោសសម្អាតមីនថ្នាក់អាស៊ាន និងតំបន់ ដែលមានរយៈពេលជាង ៣សប្តាហ៍ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ មានគោលបំណងផ្តល់ការ គាំទ្រដល់ប្រតិបត្តិការសន្តិភាពអង្គការសន្តិភាព នឹងអនុវត្តតាមរូបមន្ត យុទ្ធសាស្ត្រ សកម្មភាពមីន អ.ស.ប (UMASS) ប្រព័ន្ធគ្រប់គ្រងព័ត៌មានស្តីពីសកម្មភាពមីន (IMSMA) យុទ្ធសាស្ត្រសកម្មភាព មីនថ្នាក់ជាតិ(NMAS) និងបទពិសោធន៍ជាក់ស្តែង ដែលបានមកពីអាជ្ញាធរមីនកម្ពុជា ក៏ដូចជាការ ដកស្រង់ផ្ទាល់ពីតំបន់បេសកកម្មមកធ្វើសក្ខីកម្ម សម្រាប់អនុវត្តទាំងនៅក្នុងនិងក្រៅប្រទេស។

ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានបន្តថា វគ្គនេះមានការចូលរួមពីសំណាក់យោធាចារ្យជាតិ និងអន្តរជាតិ មកពីបណ្តាប្រទេសក្នុងអាស៊ាន និងតំបន់ រួមមាន៖ បារាំងចំនួន ២នាក់ អូស្ត្រាលី១​នាក់ និងកម្ពុជា៧នាក់។ សិក្ខាកាមសរុបមានចំនួន ៣១រូប រួមមាន៖ ឥណ្ឌូនេស៊ី ៣នាក់ ថៃឡង់ ២នាក់ ហ្វីលីពីន ២នាក់ នេប៉ាល់ ២នាក់ ឡាវ ២នាក់ ម៉ុងហ្គោលី ២នាក់ ម៉ាឡេស៊ី ១នាក់ វៀត ណាម ១នាក់ បង់ក្លាដែស ១នាក់ និងសិក្ខាកាមកម្ពុជាចំនួន ១៥នាក់។ ក្នុងចំណោមសិក្ខាកាមទាំង៣១រូប ក៏មាននារីចំនួន៦នាក់ ចូលរួមក្នុងវគ្គនេះផងដែរ។

ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានគូសបញ្ជាក់ថា រយៈពេល១៩ថ្ងៃ នៃដំណើរការវគ្គបច្ចេកទេស បោសសំអាតមីន និងគ្រប់គ្រងចំការមីន សម្រាប់គាំទ្របេសកកម្មអង្គការសហប្រជាជាតិ គឺជាពេល វេលាដ៏ខ្លី ប៉ុន្តែវាជាការផ្លាស់ប្តូរនូវបទពិសោធន៍ និងចំណេះដឹងបន្ថែមទៀត ដែលបានមកពីបណ្តាគ្រូ ឧទ្ទេសនាមជាតិ និងអន្តរជាតិដែលមានវិជ្ជាជីវៈដើម្បីបំពេញនូវធាតុចូលលើវិស័យមីន ជាពិសេស នីតិវិធីនៃបោសសំអាតមីន ដែលជាផ្នែកមួយក្នុងចំណោមផ្នែកជាច្រើននៃសកម្មភាពមីនសកល។

ដោយឡែកតំណាងស្ថានទូតបារាំង ប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសបារាំង និងប្រទេស កម្ពុជា គឺជាប្រទេសទៅមុខគេលើពិភពលោក ក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខអន្តរជាតិ។ នាបច្ចុប្បន្ននេះប្រតិបត្តិការរក្សាសន្តិភាពក៏ជាបញ្ញាសកល ហើយប្រទេសបារាំងដូចជាប្រទេស កម្ពុជាដែរ គឺជាប្រទេសទៅមុខគេលើពិភពលោកក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខអន្តរ ជាតិ។ លោកថាប្រតិបត្តិការរក្សាសន្តិភាពកាន់តែមានភាពស្មុគស្មាញហើយបេសកកម្មទាំងនោះ កាន់តមានភាពចម្រុះ។ នេះហើយជាមូលហេតុដែលវត្តសិក្សានេះត្រូវបានរៀបចំម្តងទៀតដោយ (NPMEC) ដោយមានការគាំទ្រប្រតិបត្តិការពឹងផ្នែកហិរញ្ញវត្ថុពីប្រទេសបារាំង៕