នាយករដ្ឋមន្ត្រីអង់គ្លេស លោក ស៊ូណាក់ បាននិយាយថា គ្មានការត្រឡប់ក្រោយលើកិច្ចព្រមព្រៀង Brexit ឡើយ

 (ឡុងដ៍)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអោយដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នៅថ្ងៃចន្ទ (២១ វិច្ឆិកា) បានបដិសេធចំពោះការលើកឡើងដែលថា រដ្ឋាភិបាលរបស់លោកកំពុងស្វែងរកការ ត្រឡប់ថយក្រោយចំពោះកិច្ចព្រមព្រៀង Brexit ទោះបីហាក់ដូចជាមានប្រតិកម្មកាន់តែខ្លាំងប្រឆាំង នឹងកិច្ចព្រម​ព្រៀងនេះក៏ដោយ។

អ្នកគាំទ្រ Brexit លោក Sunak បានប្រាប់មេដឹកនាំអាជីវកម្មថា ជីវិតនៅខាងក្រៅសហភាព អឺរ៉ុប «បានផ្តល់នូវអត្ថប្រយោជន៍ និងឱកាសដ៏ធំសម្បើមរួចមកហើយចំពោះចក្រភពអង់គ្លេស»

លោកបានសង្កត់ធ្ងន់ថា តាមរយៈកិច្ចព្រមព្រៀង Brexit បានទប់ស្កាត់កាន់តែខ្លាំងលើការធ្វើ អន្តោប្រវេសន៍ ដែលជាផែនការសំខាន់នៃកិច្ចព្រមព្រៀងនេះ និងទំនាក់ទំនងពាណិជ្ជកម្មកាន់ តែជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ី។

ទន្ទឹមគ្នានេះលោកបានបន្ថែមថា «ខ្ញុំសូមនិយាយឱ្យច្បាស់លាស់អំពីរឿងនេះ៖ ក្រោមការដឹកនាំរបស់ខ្ញុំ ចក្រភពអង់គ្លេសនឹងមិនបន្តទំនាក់ទំនងជាមួយប្រទេសអឺរ៉ុបណាមួយ ដែលពឹងផ្អែកលើការអនុលោមតាមច្បាប់របស់សហភាពអឺរ៉ុបឡើយ»

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបទាំងស្រុងនៅ ក្នុងខែមករាឆ្នាំ២០២១ បន្ទាប់ពីជម្លោះនយោបាយជាច្រើនឆ្នាំចាប់តាំងពីការធ្វើប្រជាមតិដែលបែកបាក់គ្នា ក្នុងឆ្នាំ២០១៦ ដើម្បីបំបែកចេញពីប្លុកនេះ៕