(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានថ្លែងអំពាវនាវជាថ្មី ដល់បងប្អូនជនរួមជាតិទាំងអស់ សូមបន្តថែរក្សាសន្តិភាពឱ្យបានគង់វង្ស ដោយសម្តេចបញ្ជាក់ថា ទោះបីវិស័យកីឡា និងវិស័យផ្សេងៗ រួមទាំងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ មិនអាចរស់នៅដោយគ្មានសន្តិភាពនោះឡើយ។
សម្តេចតេជោបានបញ្ជាក់ថា ការចូលរួមថែរក្សាសន្តិភាព ដើម្បីប្រជាជនទាំងអស់គ្នា បន្តអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើក ទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អំបាញ់មិញ ឯកឧត្តម ថោង ខុន បានលើកនិយាយទាក់ ទិនកីឡាជាមួយនឹងសន្តិភាព។ កីឡាឬក៏អ្វីផ្សេងទៀតក៏ដោយ មិនអាចរស់នៅដោយគ្មានសន្តិភាព នោះទេ កីឡាក្តី ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្តី លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស មិនអាចរស់ដោយ គ្មានសន្តិភាពនោះទេ គេមិនអាចរស់នៅជាមួយនឹងសង្គ្រាមនោះឡើយ ដូច្នេះសូមចូលរួមរក្សា សន្តិភាព ដើម្បីយើងទាំងអស់គ្នា អភិវឌ្ឍន៍ប្រទេសជាតិរបស់យើង»។
ក្នុងឱកាសនោះដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យបន្តចូលចូលរួម ក្នុងយុទ្ធនាការផ្សព្វ ផ្សាយ ដើម្បីរួមចំណែកដល់យុទ្ធនាការជាតិ ស្ដីពី «ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខយ៉ាង តិចប្រចាំជីវិត» «ឆ្នាំ២០២៣ជាឆ្នាំទស្សនាកម្ពុជា» «រួមគ្នាដើម្បីកម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ» «នាំគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន» និង «កីឡារស់នៅក្នុងសន្តិភាព»។
សូមជម្រាបថា ក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយនេះ គ្មានពេលវេលាណាមួយ ដែលប្រទេស កម្ពុជាបានស្គាល់ នូវការអភិវឌ្ឍន៍ខ្លាំងដូចសម័យបច្ចុប្បន្ននេះដែរ។ សមិទ្ធផលទាំងអស់នេះ មិន មែនកើតឡើងដោយចៃដន្យនោះឡើយ ប៉ុន្តែវាពិតជាបានកើតចេញពីពលីកម្ម និងកិច្ចខិតខំប្រឹង ប្រែងមិនខ្លាចនឿយហត់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
ស្នាដៃជាប្រវត្តិសាស្ត្រនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ដែលយុវជននិងយុវនារីក្នុងជំនាន់ថ្មីមិន ត្រឹមតែត្រូវចងចាំទុកក្នុងចិត្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមគ្នាថែរក្សាការពារអោយបានគង់វង្សជារៀងរហូត ពីព្រោះវាគឺជាសមិទ្ធផលដែលមិនធ្លាប់ កើតមានឡើយនៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំរបស់ជាតិ យើង៕