រាជរដ្ឋាភិបាល សម្រេចបញ្ចេញទុនបន្ថែម១០លានដុល្លារ សម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា


 (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារ របស់រដ្ឋ បានប្រកាសពីការបញ្ចេញទុនបន្ថែម ចំនួន១០លានដុល្លារអាមេរិក សម្រាប់ការប្រមូលទិញ ស្រូវនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ស្តីពី ការផ្តល់ថវិកាបន្ថែមសម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា ដែល ទទួលបាននៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា​ ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃ ស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានសម្រេចផ្តល់ថវិកាបន្ថែមចំនួន ១០លាន ដុល្លារអា មេរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការ ប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្រប ជៀសវៀងការទិញទម្លាក់ថ្លៃពីឈ្មួញខិល ខូចមួយចំនួន។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្នានថ្ងៃនេះ តម្លៃស្រូវមានការប្រែប្រួលនៅតាមបណ្តារខេត្តផលិតស្រូវ មួយចំនួន ពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នា ជាហេតុធ្វើឱ្យបរិមាណស្រូវដែលត្រូវលក់មានចំនួនច្រើនក្នុងពេល តែមួយ។

ការណ៍នេះ ធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវពុំអាចប្រមូលទិញស្រូវទាំងអស់នោះបាន ដែលនាំឱ្យតម្លៃ ស្រូវមានការប្រែប្រួលធ្លាក់ចុះ បើធៀបទៅនឹងដើមរដូវ។ ហេតុដូចនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមអំពាវនាវឱ្យប្រជាកសិករតាមតំបន់ដែលត្រូវប្រមូលផលស្រូវ សូមដាក់កម្មវិធី ច្រូតកាត់ជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់របស់ខ្លួន ដើម្បីជៀសវៀងការប្រមូលផលក្នុង ពេលតែមួយព្រមគ្នា ដែលអាចបណ្តាលឱ្យមានការបង្អាប់ថ្លៃស្រូវ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ សមាជិកសហព័ន្ធស្រូវ-អង្ករ កម្ពុជា (Cambodia Rice Federation) ដែលបាន ជួយទិញស្រូវ ពីប្រជាកសិករក្នុងតម្លៃសមរម្យនាពេលកន្លងមក និងជួយទិញបន្តទៀត៕