ចាប់ពីថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមជំនួបការងារ និងអញ្ជើញជាអធិបតី ក្នុងកម្ម វិធីផ្សេងៗឡើងវិញហើយ

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានចាប់ផ្តើមជំនួបការងារ និង អញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សេងៗឡើងវិញហើយ ចាប់ពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្អែកនេះ។

តាមតារាងកម្មវិធីការងារដែលបានបង្ហាញ នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលជួបពិភាក្សាការងារ​ ក៏ដូចជាសម្តែងការគួរសមជាមួយលោក វឿង ឌីញហ្វេ ប្រធានរដ្ឋសភាវៀតណាម និងលោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន។

នៅថ្ងៃបន្តបន្ទាប់ទៀតសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីមួយចំនួនទៀត រួមមាន៖ ថ្លែងសុន្ទរកថាគន្លឹះបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣, ពិធីបើកព្រឹត្តិ ការណ៍កីឡាជាតិលើកទី៣, បិទសន្និបាតខួប៣០ឆ្នាំ វិស័យសកម្មភាពមីនមនុស្សធម៌, បើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន…។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្អាកជំនួបការងារ និងអញ្ជើញជាអធិបតីក្នុងកម្ម វិធីផ្សេងៗអស់រយៈពេលប្រមាណ៥ថ្ងៃហើយ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលG20 នៅកោះបាលី ប្រទេសឥណ្ឌូ នេស៊ី។

ការរកឃើញវិជ្ជមានជំងឺកូវីដ១៩ ពីសំណាកមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី បានធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ខកខានការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការ APEC នៅក្រុងបាងកក ប្រទេសថៃ ដែលជាកិច្ចប្រជុំដ៏មានសារៈសំខាន់។ ជាពិសេសបានធ្វើឱ្យសម្តេចតេជោ ខកខានជំនួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន និង ប្រធានាធិបតីបារាំងផងដែរ។

ចាប់តាំងពីពេលរកឃើញវិជ្ជមានកូវិដ១៩នោះមក សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សុខ ភាពរបស់សម្តេចគឺល្អជាធម្មតាមិនមានបញ្ហាអ្វី ដែលជាសញ្ញាបង្កឡើងដោយមេរោគនោះឡើយ៕