ការបោះឆ្នោតសកលមុនអាណត្តិ ចាប់ផ្តើមប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី

 (គូឡាឡាំពួ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះ ដំណើរការបោះឆ្នោតសកលមុនអាណត្តិ បានចាប់ផ្តើម ប្រព្រឹត្តទៅហើយ នៅក្នុងប្រទេសម៉ាឡេស៉ី ខណៈវាគឺជា​ការបោះឆ្នោត ដែលគេរំពឹងថានឹងអាច បញ្ចប់ បញ្ហាអស្ថិរភាពនយោបាយប៉ុន្មានឆ្នាំមកនេះ។

ប្រជាជនម៉ាឡេស៉ីដែលមានសិទ្ធិបោះឆ្នោតសរុប ២១.‌១លាននាក់ នឹងបោះឆ្នោតជ្រើសរើស សមាជិកចំនួន២២២នាក់ សម្រាប់រដ្ឋសភានៃ​ប្រទេសរបស់ខ្លួន។ សម្ពន្ធគណបក្សដែលដឹកនាំដោយ លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ត្រូវគេព្យាករថា នឹងឈ្នះបានអាសនៈ​ចំនួនច្រើនជាង គេ ប៉ុន្តែមិនគ្រប់ចំនួនសម្រាប់សំឡេងភាគច្រើន ដែលចាំបាច់ក្នុងការបង្កើតរដ្ឋាភិបាលតែឯងនោះ ឡើយ ខណៈរូបលោកត្រូវប្រជែងជាមួយ សម្ពន្ធគណបក្សដែលដឹកនាំដោយនាយករដ្ឋមន្រ្តីបច្ចុប្បន្ន គឺលោក អ៉ីស្មែល សាប៊្រី យ៉ាកូប (Ismail Sabri Yaakob) ហើយនិងសម្ពន្ធគណបក្សរបស់អតីត នាយករដ្ឋមន្រ្តី លោក មូយីដឌីន យ៉ាស្ស៉ីន (Muhyiddin Yassin)។

លទ្ធផលស្ទង់មតិចុងក្រោយបំផុត កាលពីថ្ងៃសុក្របានបង្ហាញថា សម្ពន្ធគណបក្សរបស់លោក អានវ៉ា គឺប៉ាកាតាន់ ហារ៉ាប៉ាន់ (Pakatan Harapan) អាចនឹងទទួលបាន៨២អាសនៈ ហើយសម្ពន្ធ ប៉ឺរីកាតាន់ ណាសិនណាល់ (Perikatan Nasional) របស់លោក មូយីដឌីន អាចនឹងបាន៤៣ អាសនៈ រីឯសម្ពន្ធបារីសានរបស់លោក អ៉ីស្មែល អាចនឹងបាន១៥អាសនៈ ខណៈ៤៥អាសនៈ ក្នុងចំណោមអាសនៈ ដែលនៅសល់គឺមិនច្បាស់ឡើយ។ លោក អានវ៉ា ស្ថិតនៅជម្រើសទី១ សម្រាប់តំណែងនាយករដ្ឋមន្រ្តី ជាមួយសំឡេងគាំទ្រ៣៣ភាគរយ ស្របពេលដែល លោក មូយីដឌីន ទទួលបាន២៦ភាគរយ ហើយលោក អ៉ីស្មែល ទទួលបាន១៧ភាគរយ។

គួរបញ្ជាក់ថា ដោយពុំមានអ្នកឈ្នះដាច់ពិតប្រាកដបែបនេះ ភាពមិនច្បាស់លាស់ផ្នែកនយោបាយ អាចនឹងនៅតែបន្ត ខណៈម៉ាឡេស៉ី ប្រឈមមុខនឹងកំណើនសេដ្ឋកិច្ចដ៏យឺត ព្រមទាំងការកើនឡើង នៃអតិផរណា។ តាំងពីឆ្នាំ២០១៨ មកទល់បច្ចុប្បន្ន ប្រទេសអាស៊ានមួយនេះ មាននាយករដ្ឋមន្រ្តី សរុប៣នាក់។ លោក អ៉ីស្មែល បានរំលាយសភា ហើយស្នើឱ្យរៀបចំការបោះឆ្នោតសកលមុន អាណត្តិ កាលពីខែតុលាកន្លងទៅ៕