ក្រសួងសេដ្ឋកិច្ច ប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តការងារកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងខេត្តព្រះសីហនុ


 (ព្រះសីហនុ)​៖​ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ អំពីវឌ្ឍនភាព និងបញ្ហាប្រឈម អំពីការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅខេត្តព្រះសីហនុ។

ឯកឧត្តម យ៉េត វីណែល បានថ្លែងថា អនុលោមតាមសារាចរលេខ ០៩សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធាន និងនីតិវិធីនៃការអនុវត្ត ការត្រួតពិនិត្យ ការតាមដាន និងការវាយតម្លៃលើការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមរាជធានី ខេត្ត និងស្តាប់បញ្ហាប្រឈមនានាដើម្បីពាំនាំ ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ។

ចំណុចសំខាន់ៗមួយចំនួនត្រូវបានផ្តោតយកចិត្តទុកដាកនិហស្វែងយល់ពីបញ្ហាប្រឈមក្នុងកែទម្រង់សាធារណៈជូនស្ថាប័នរាជធានី ខេត្ត៖

១៖ ការប្រមូលចំណូលសារពើពន្ធ
២៖ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋធ្វើប័ណ្ណកម្មសិទ្ធិនៅទូទាំងប្រទេស ធ្វើការរួមគ្នាជម្រុញធ្វើប័ណ្ណ កម្មសិទ្ធ
៣៖ ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា គោលដៅការអនុវត្តថវិកាកាន់តែងាយស្រួល និងគ្រប់ជ្រុងជ្រោយ
៤៖ ធ្វើសមាហរណកម្មនៅថ្នាក់ក្រោមជាតិ
៥៖ ប្រគល់មុខងារជូនរដ្ឋបាលក្រុង ស្រុក មាន ៥៥មុខងារ ដែលមានប្រទាក់ក្រឡាការងារក្នុង ការផ្ទេរមុខងារ និងហិរញ្ញវត្ថុមកកាន់រាជធានី ខេត្ត
៦៖ ការអនុវត្តសមត្ថភាពកែទម្រង់ហិរញ្ញវត្ថុសាធារណៈកាន់តែមានប្រសិទ្ធិភាព ពិសេសការអនុវត្ត ថវិកា។

ឯកឧត្តម គួច ចំរើន បានលើកឡើងថា ខេត្តព្រះសីហនុបានចូលរួមអនុវត្តគោលនយោបាយកំណែ ទម្រង់ដែលជាបទពិសោធន៍ថ្មីៗដំណើរការគាំទ្រកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈស្របពេលកម្ពុជាមានការអភិវឌ្ឍរីកចម្រើន និងជាការចែករំលែកចំណេះជំនាញ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លោកបន្តថា «យើងជួបប្រទះបញ្ហាប្រឈមជាច្រើនធ្វើឱ្យមន្ត្រីយើងជួបការលំបាក ម្យ៉ាងការយល់ ដឹងនៅមានកម្រិត។ តាមរយៈការចែករំលែកចំណេះដឹងនិងបញ្ហាប្រឈមនានា នឹងបានផ្តល់ឱ កាសឱ្យមន្ត្រីមូលដ្ឋានអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ បន្តការខិតខំជម្រុញសកម្មភាព កាន់តែល្អប្រសើរ»៕