(ភ្នំពេញ)៖ ផ្លែមៀនស្រស់ចំនួន ១៣៩០តោនរបស់កម្ពុជាហើយ បាននាំចេញទៅកាន់ប្រទេស ចិនដោយផ្ទាល់ បន្ទាប់ពីបានសម្ពោធនាំចេញជាផ្លូវការ នាខែតុលាឆ្នាំ២០២២។លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បាន ប្រាប់ថា គិតពីចុងខែតុលា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ផ្លែមៀនរបស់កម្ពុជាជាង ១ពាន់តោន បាននាំចេញទៅកាន់ប្រទេសចិន ហើយមួយចំនួន បានដឹកទៅដល់ប្រទេសចិនរួចហើយ។
លោកបន្តថា «នេះជាដំណឹងដ៏ល្អដែលការនាំចេញផ្លែមៀនស្រស់ ជាលើកដំបូងរបស់កម្ពុជា ទៅ កាន់ប្រទេសចិន ទទួលបានជៅគជ័យ។ បច្ចុប្បន្នមានក្រុមហ៊ុនតែប៉ុណ្ណោះ បានបញ្ជាទិញផ្លែមៀន ស្រស់ពីកម្ពុជា នាំចេញទៅកាន់ប្រទេសចិន ហើយចាប់ពីពេលនេះតទៅជារដូវកាលប្រមូលផលផ្លែ មៀនស្រស់ ដូច្នេះរំពឹងថានឹងមានកំណើនក្នុងការនាំចេញ»។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានឲ្យដឹងថា «ការនាំចេញផ្លែមៀននេះផ្ដល់ អត្ថប្រយោជន៍ជាច្រើន ចំពោះអ្នកផលិត (កសិករ) ពួកគាត់នឹងលែងភ័យព្រួយបារម្ភ ពីការច្រាល ទីផ្សារទៀតឡើយ ព្រោះយើងមានក្រុមហ៊ុនទិញ និងនាំចេញទៅកាន់ប្រទេសចិន»។
លោកបានបន្ដថា ចំពោះតម្លៃវិញ គឺអាចទទួលយកបាន ក្រុមហ៊ុនទទួលទិញដោយតម្លៃសមរម្យ ប្រមាណជាង ៣ពាន់រៀល ក្នុងមួយគីឡូក្រាម ក្រុមហ៊ុនបានប្រមូលទិញផ្លែមៀនពីខេត្តបាតដំបង និងខេត្តប៉ែលិន។
លោកប្រធានមន្ទីរកសិកម្ម បានអំពាវនាវដល់បងប្អូនប្រជាកសិករ យកចិត្តទុកដាក់ តាមដានអំពី ទីផ្សារនៃតម្លៃមៀនឲ្យជាប់លាប់ ប្រើប្រាស់បច្ចេកទេសឲ្យបានត្រឹមត្រូវ ត្រូវស្ដង់ដារទីផ្សារ យកចិត្ត ទុកដាក់ឲ្យបានខ្ពស់ លើការថែទាំងផ្លែមៀន ជៀសវាងការប្រើប្រាស់ថ្នាំគីមីលើសកម្រិត ដែលជា ហេតុបង្កផលលំបាកដល់ការនាំចេញ។
សូមជម្រាបថា ចំការមៀនទទួលបានការអនុម័ត ចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារ ចិន មានចំនួន៧៤ ក្នុងនៅនៅខេត្តប៉ៃលិនចំនួន៤០ចំការ បាត់ដំបងចំនួន ២៨ចំការ និងបន្ទាយមាន ជ័យចំនួន៦ចំការ។
ដោយឡែករោងចក្រវេចខ្ចប់ចំនួន ៨ រួមមាននៅខេត្តកណ្តាលចំនួន១ ខេត្តបាត់ដំបងចំនួន៣ ខេត្តប៉ៃលិនចំនួន២ និងខេត្តព្រះសីហនុចំនួន២។ ផ្ទៃដីដាំដុះមៀនទូទាំងប្រទេសរបស់កម្ពុជា មានចំនួន ១៣ ៦០៨ហិកតា ស្ថិតក្នុងខេត្តចំនួន៤៕