ក្រសួងពាណិជ្ជកម្ម ត្រៀមរៀបចំដំណើរការចុះឈ្មោះបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មខេត្តបាត់ដំបង អាណត្តិទី១ លើកទី២

(បាត់ដំបង)៖ កិច្ចប្រជុំផ្សព្សផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មខេត្តបាត់ដំបង អាណត្តិទី១ លើកទី២ ត្រូវបានធ្វើឡើងនៅរសសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំនេះ រៀបចំឡើងនៅសាលប្រជុំ នៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ខេត្តបាត់ដំបង ជាខេត្តដែលមានសក្ដា នុពលខ្លាំង ប៉ុន្តែលទ្ធផលដែលធ្វើបានសក្ដានុពលទាំងនោះ គឺមានតិចតួចតែប៉ុណ្ណោះ ដែលយើង មិនទាន់ធ្វើឲ្យអស់លទ្ធភាព។ នៅថ្ងៃអនាគតរាជរដ្ឋាភិបាលគ្រោងធ្វើផ្លូវពីខេត្តបាត់ដំបង ទៅខេត្ត សៀមរាប ផ្លូវពីខេត្តបាត់ដំបង ទៅខេត្តកោះកុង និងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែល បង្កឲ្យខេត្តបាត់ដំបងនេះ ជាខេត្តលេចធ្លោមួយនៅក្នុងប្រទេស ក្នុងវិស័យដឹកជញ្ជូន ការធ្វើដំណើរ ទៅកាន់ទីគ្រប់កន្លែងជិតឆ្ងាយ។

ឯកឧត្តម បានបន្តទៀតថា សព្វថ្ងៃនេះផលិតផលកសិកម្ម មិនទាន់មានការកែច្នៃអស់នៅឡើយ ដោយសារមិនទាន់មានរោងចក្រកែច្នៃគ្រប់គ្រាន់ ដូចនេះត្រូវការសភាពាណិជ្ជកម្មមួយដែលខ្លាំង ដើម្បីធ្វើការផ្សព្វផ្សាយទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស ឲ្យមកវិនិយោគកាន់តែច្រើនឡើងនៅ ក្នុងប្រទេស ដើម្បីឲ្យកំណើនជីវភាពរស់នៅប្រជាពលរដ្ឋកាន់តែប្រសើរឡើង ធ្វើឲ្យផលដំណាំ កសិកម្មមានតម្លៃអាចទទួលយកបាន។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ថូរ៉ា បានថ្លែងនូវការកោតសរសើរ ខេត្តបាត់ដំបងមានសមាជិកទី ប្រឹក្សាក្នុងសភាពាណិជ្ជកម្មក្នុងខេត្តច្រើន គួរឲ្យកត់សម្គាល់ ដែលគាត់ចង់ចូល​រួម​ជាមួយ​សភា ពាណិជ្ជកម្មខេត្ត ដើម្បីពង្រឹងសភាពាណិជ្ជកម្ម ឲ្យកាន់តែរឹងមាំ ហើយអ្នកទាំងអស់នោះ គឺជាអាជីវក រស្របច្បាប់ដែលកំពុងធ្វើអាជីវកម្មរបស់ខ្លួនផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា សភាពាណិជ្ជកម្មអត់មានគោលនយោបាយផ្ទាល់ខ្លួននោះទេ គឺត្រូវ អនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ហើយ​ក្នុងពេលថ្មីៗកន្លងទៅ នេះសម្ដេចក្រឡាហោម ស ខេង បានចេញនូវលិខិតមួយណែនាំដល់អាជ្ញាធរខេត្ត សហការជា មួយសភាពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាដែល​កើតមានឡើងក្នុងខេត្ត។

ឯកឧត្តម បានបន្ថែមថា សព្វថ្ងៃនេះមានបញ្ហាចម្បងមួយ គឺការតាំងពិពរណ៌ ជាពិសេសប្រទេសជិត ខាងចង់តាំងពិពរណ៌នៅប្រទេសកម្ពុជា ហើយភាគច្រើនផលិតផលរបស់​ប្រទេស ជិតខាងមានច្រើន ជាងផលិតផលក្នុងស្រុក ដូចនេះសភាពាណិជ្ជកម្ម គួរតែធ្វើការសហការជាមួយប្រទេសជិតខាង រៀបចំជាពិពរណ៌ ឬធ្វើការតាំងពិពរណ៌យើងនៅក្នុងប្រទេសជិតខាងក៏បាន ដើម្បីបង្ហាញផលិត ផលក្នុងស្រុកយើងឲ្យកាន់តែទូលំទូលាយផងដែរ៕