(អ៊ីរ៉ាក់)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអោយដឹងថា មន្ត្រីអាជ្ញាធរខេត្តបានឲ្យដឹងនៅថ្ងៃសុក្រនេះថា មនុស្សរហូតដល់ ១១នាក់បានស្លាប់ និង១៣ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះធុង ហ្គាសកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ពាក់កណ្តាលស្វយ័ត Kurdistan របស់ប្រទេសអ៊ីរ៉ាក់។
អភិបាលខេត្ត លោក Haval Abubakir បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការផ្ទុះដ៏ធំនៅ ក្នុងផ្ទះមួយ បានកើតឡើងដោយសារតែការលេចធ្លាយធុងហ្គាសមួយ នៅក្នុងសង្កាត់ Kaziwa ក្នុងខេត្ត Sulaimaniyah ។
លោកបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន ចំនួនបួននាក់ផ្សេងទៀត ដែលត្រូវបានគេជឿថាត្រូវបានកប់នៅក្រោមគំនរបាក់បែកនៃអគារបីជាន់ដែលដួលរលំដោយសារការផ្ទុះនេះ។
លោក Abubakir ក៏បានប្រកាសកាន់ទុក្ខជាសាធារណៈរយៈពេលមួយថ្ងៃ នៅក្នុងខេត្ត Sulaimaniyah ភាគឦសានប្រទេសអ៊ីរ៉ាក់ផងដែរ៕