(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីតបានកាត់បន្ថយការនាំចេញប្រេងដ៏ច្រើននៅក្នុងខែនេះ ខណៈដែល ព្រះរាជាណាចក្រមួយនេះអនុវត្តកិច្ចព្រមព្រៀងរបស់អង្គការ OPEC+ ដើម្បីបង្កើនតម្លៃទីផ្សារប្រេង ឆៅពិភពលោក។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រុមហ៊ុនវិភាគ ថាមពល Kpler Ltd ថា ការនាំចេញប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះប្រហែល ៤៣ម៉ឺន បារ៉ែលក្នុងមួយថ្ងៃ ឬប្រហែល ៦% នៅពាក់កណ្តាលខែវិច្ឆិកាធៀបនឹងខែតុលា។ តែបរិមាណធ្លាក់ចុះនេះមានកម្រិតខ្ពស់ជាងនេះគឺ ៦៧៦ពាន់បារ៉ែលបើយោងតាមទិន្នន័យពី ក្រុមហ៊ុនផ្តល់ប្រឹក្សា Vortexa Ltd។
មន្ត្រីម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានថ្លែងថា ប្រទេសអារ៉ាប៊ីសាអូឌីតដែលដឹកនាំអង្គការ ប្រទេសនាំចេញប្រេង (OPEC) បានប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកិច្ចព្រមព្រៀងនេះ ដែលបានធ្វើឡើងកាលពីខែមុនរវាងអង្គការនេះ និងប្រទេសម្ព័ន្ធមិត្តដែលរួមគ្នាហៅថា OPEC+។
លោក Viktor Katona អ្នកវិភាគប្រចាំក្រុមហ៊ុន Kpler នៅទីក្រុងវីយែន បានប្រាប់ Bloombeg ថា៖ «ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងកាត់បន្ថយយ៉ាងច្រើន ដោយនឹងធ្លាក់ចុះក្នុងរយៈពេលពីរខែជាប់ គ្នា»។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានរិះគន់ទីក្រុងរីយ៉ាដ និងប្រទេសជាដៃគូរបស់ ប្រទេសកាលពីខែមុនដោយនិយាយថា ការកាត់បន្ថយការនាំចេញចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ នឹងបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចពិភពលោក និងជួយដល់ប្រទេសរុស្ស៊ីដែលជាសមាជិក OPEC+ ក្នុងសង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ តម្លៃប្រេងឆៅបានធ្លាក់ចុះប្រហែល ៤% ក្នុង សប្តាហ៍នេះខិតមកជិត ៩០ដុល្លារក្នុងមួយបារ៉ែល។
រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Abdulaziz bin Salman បានការពារការកាត់ បន្ថយការនាំចេញនេះកាលពីសប្តាហ៍មុននៅឯកិច្ចពិភាក្សាស្តីពីអាកាសធាតុ COP27 នៅក្នុង ប្រទេសអេហ្ស៊ីប ដោយនិយាយថា ការកាត់បន្ថយនេះត្រូវការជាចាំបាច់ដើម្បីប៉ះប៉ូវទៅនឹងភាព មិនច្បាស់លាស់ខាងសេដ្ឋកិច្ចខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា OPEC+ នឹងនៅតែ«ប្រុងប្រយ័ត្ន»។ អារ៉ាប៊ីសាអូឌីតបានព្យាយាមធ្វើជាគំរូគេនៅក្នុងអង្គការ OPEC+ ដោយអនុវត្តការកាត់បន្ថុយ ដែលបានប្តេជ្ញារបស់ខ្លួន ដើម្បីលើកទឹកចិត្តឱ្យសមាជិកផ្សេងទៀតធ្វើតាម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕