កម្ពុជានឹងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេ២ទីតាំង ចំណាយថវិកា១១លានអឺរ៉ូជាកម្ចីពី AFD

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជានឹងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន២ទីតាំង គឺ នៅរាជធានីភ្នំពេញ១ទីតាំង និងនៅខេត្តព្រះសីហនុ១ទីតាំងទៀត ដោយចំណាយថវិកាសរុបចំនួន ១១លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥណទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។

ក្នុងជំនួបជាមួយលោកស្រី Boucher Sandrine នាយិកាដែលទើបបានតែងតាំងថ្មីរបស់ AFD នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា សាលា ជាតិវិជ្ជាជីវៈទេសចរណ៍ដែលនៅរាជធានីភ្នំពេញគ្រោងនឹងបើកការដ្ឋានសាងសង់មុនសាលានៅខេត្តព្រះសីហនុ គឺនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំណរគុណដល់ទីភ្នាក់ងារបារាំង AFD ដែលបានជួយចូលរួម អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេសបានផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ ដើម្បីឱ្យកម្ពុជា បន្តការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) បន្តការកសាងធនធានមនុស្ស ក្នុងវិស័យទេសចរណ៍និងហិរញ្ញប្បទានឥណទានដល់គម្រោងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ឯកឧត្តម បានបន្តទៀតថា នៅពេលដាក់ឱ្យដំណើរការបណ្ដុះបណ្ដាល សាលាជាតិទាំង២ទីតាំងនេះ នឹងជួយបន្ថែមដល់សិស្សដែលមានជីវភាពខ្វះខាត ដោយសារសាលានឹងមានកម្មវិធីផ្ដល់អាហា រូបករណ៍ កម្មវិធីសិក្សាបណ្ដើរធ្វើការបណ្ដើរដើម្បីបានប្រាក់ចំណូលខ្លះ ព្រមទាំងមានការបន្ធូរបន្ថយ តម្លៃសិក្សាផងដែរ។ អ្វីដែលពិសេសលើសពីនេះ គឺសាលាជាតិនេះនឹងមានការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈដល់សិស្សឱ្យបានគ្រប់មុខជំនាញដែលបានដាក់ចេញ ទាំងស្ដង់ដាជាតិ និងស្ដង់ ដាអាស៊ាន សរុបប្រមាណ៧០មុខជំនាញ ដែលត្រូវសិក្សារយៈពេល៣ឆ្នាំ។

លោកស្រីនាយិកា Boucher Sandrine បានបញ្ជាក់បន្ថែមអំពីការគាំទ្រលើគម្រោងសាងសង់ សាលាជាតិទាំង២ទីតាំងថ្មីនេះ ដើម្បីចូលរួមអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ និងកសាងធនធាន មនុស្សនៅកម្ពុជាបន្ថែមទៀត។

លោកសហរីនាយិកាបានបន្តថា AFD ក៏នឹងបន្តគាំទ្រក្រសួងទេសចរណ៍លើការពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀត។

គួរបញ្ជាក់ថាគម្រោងសាងសង់សាលាជាតិនេះនឹងដើរតួសំខាន់ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ និងកសាងធនធានមនុស្សបន្ថែមទៀត ដើម្បីចូលរួមការស្ដារវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់ តែមានគុណភាព ភាពប្រកួតប្រជែង និងចីរភាព បន្ទាប់ពីវិបត្តិកូវីដ-១៩៕