(តូក្យូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រាប់អោយដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) បានថ្កោលទោសកូរ៉េខាងជើង ចំពោះការបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ នៅថ្ងៃសុក្រ នេះ ដែលត្រូវបានទីក្រុងតូក្យូ អះអាងថាបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុងបាងកក ប្រទេសថៃ នាឱកាសចូលរួមកិច្ចប្រជុំកំពូល APEC លោក គីស៊ីដា បានបញ្ជាក់ដូច្នេះថា «យើងថ្កោលទោសយ៉ាងខ្លាំងចំពោះ កូរ៉េខាងជើង ដែលបានធ្វើ សកម្មភាពបង្កហេតុម្ដងហើយម្ដងទៀត…ហើយយើងក៏បានប្រាប់ទីក្រុងព្យុងយ៉ាងដែរថាដាច់ខាត យើងមិនអាចលើកលែងឱ្យសកម្មភាពរបៀបនេះ បាននោះទេ»។
បើតាមយោធាជប៉ុន និងកូរ៉េខាងត្បូង មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដនៅព្រឹកថ្ងៃសុក្រនេះ គឺជាប្រភេទមីស៊ីលបាលិស្ទីគ ICBM ដែលត្រូវបានបាញ់ឆ្ពោះទៅ ទិសខាងកើត ចេញពីតំបន់ស្ថិត នៅក្បែរឆ្នេរសមុទ្រភាគខាងលិចរបស់កូរ៉េខាងជើង នៅម៉ោងប្រហែល ១០៖១៤នាទីព្រឹក និងបាន ធ្លាក់ចូលក្នុងដែនទឹកស្ថិតនៅចម្ងាយ ប្រហែល ២១០គីឡូម៉ែត្រ ពីកោះ អូស៊ីម៉ា (Oshima) នៃ ខេត្តហុកកៃដូ (Hokkaido) នៅម៉ោង ១១៖២០នាទីព្រឹក (ម៉ោងក្នុងតំបន់)។ មីស៉ីលនេះបានធ្លាក់ចូលទៅក្នុង តំបន់សេដ្ឋកិច្ចផ្តាច់មុខជប៉ុន ដែលលាតសន្ធឹងចម្ងាយ ៣៧០គីឡូ ម៉ែត្រ ពីឆ្នេរសមុទ្ររបស់ខ្លួន។
កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក៏បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយ ខ្លីមួយគ្រាប់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងព្រមាន ចាត់វិធានការយោធាឆ្លើយ តបយ៉ាងម៉ឺងម៉ាត់ទៅនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់ ប្រសិនបើសហ រដ្ឋអាមេរិកបង្កើនវត្តមានយោធា ឬសព្វាវុធនៅក្នុង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ តួយ៉ាង ដូចជាកូរ៉េខាងត្បូង និងជប៉ុន៕