(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ នៅ សល់ពេល ១សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងត្រូវប្រារព្ធពិធីបើកការប្រកួតផ្លូវការ ពោលគឺនៅល្ងាចថ្ងៃ ទី២១ ខែវិច្ឆិកាខាងមុខ ដែលនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិមរតក តេជោ។ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC-CAMAPGOC និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជំរុញគ្រប់ភាគី ពាក់ព័ន្ធត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ ជាមួយការរៀបចំឲ្យបានរលូន និងទទួលបានជោគជ័យ ដើម្បីដកពិសោធន៍ពីការរៀបចំថ្នាក់ជាតិនេះ ឆ្ពោះទៅរកភាពជោគជ័យក្នុងការរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិ ការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និង NOCC ក្រោយ បញ្ចប់កិច្ចប្រជុំ ពិភាក្សា និងត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីបើក-បិទ ការប្រកួតកីឡា ជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ ក្រោមការដឹកនាំរបស់ ឯកឧត្តម រដ្ឋមន្ដ្រី ថោង ខុន និងមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន រួមមានមន្ដ្រីជាន់ខ្ពស់ក្រសួង អប់រំ យុវជន និងកីឡា តំណាងសាលារាជធានីភ្នំពេញ និងភាគីទីតាំងរៀបចំជាដើម។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា កីឡាជាតិ និងកីឡាជនពិការជាតិ គឺជា ព្រឹត្តិការណ៍មួយដ៏សំខាន់ ដែលត្រូវត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវការរៀបចំ ប្រកបដោយសុវត្ថិភាព និងមានសន្ដិសុខ សណ្ដាប់ធ្នាប់ល្អ ពិសេសពិធីបើក ដែលនឹងប្រព្រឹទ្ធក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។ នេះគឺជាការផ្ដល់នូវកិត្តិយស និងភាពកក់ក្ដៅ សម្រាប់ក្រុមការងាររៀបចំគ្រប់ភាគីពាក់ព័ន្ធផងដែរ។
ឯកឧត្តម ថា ការរៀបចំ ត្រូវមានសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ហើយការចូលរួម ត្រូវមានការចាត់ តាំងត្រឹមត្រូវ ជាក់ស្ដែងមានសិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ៤ម៉ឺននាក់ នឹងត្រូវចូល រួមពិធីបើកខាងលើ។ ដូច្នេះ ការរៀបចំ ត្រូវមានភាពហ្មត់ចត់បំផុត។ រីឯការរៀបចំតុបតែងនូវប្រព័ន្ធភ្លើង តន្ដ្រី កាំជ្រួច ក៏ដូចជាការសម្ដែង កំពុងធ្វើការហាត់សមផងដែរ ដោយមានមនុស្សចូលរួមសម្ដែងប្រមាណជាង ២ពាន់នាក់ ក្នុងនោះជាង ១ពាន់នាក់ គឺជាកម្លាំង នាយកដ្ឋានអង្គរក្ស។
ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា «កិច្ចប្រជុំនេះ យើងបានផ្ដល់នូវព័ត៌មានជាច្រើន ហើយតាមបទ ពិសោធន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន គឺបានណែនាំច្រើនណាស់ ក្នុងការរៀបចំពិធី បើក-បិទ ពិសេសគឺសុវត្ថិភាព និងការធ្វើឲ្យទស្សនីយភាព មានលក្ខណៈពិសេស និងអស្ចារ្យនៅ ក្នុងពិធីបើក-បិទរបស់យើង»។
គួរដឹងដែរថា ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នឹងប្រារព្ធពិធីបើកនា ថ្ងៃទី២១-វិច្ឆិកា និងបិទនាថ្ងៃទី៣០-វិច្ឆិកា។ ប៉ុន្ដែមុនពិធីបើក ២ថ្ងៃ ក៏នឹងមានការរៀបចំនូវពិធីបើក សាកល្បងចំនួន ២លើកផងដែរ នាថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ នៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោផ្ទាល់តែម្ដង៕