នាយករដ្ឋមន្រ្តីជប៉ុន នឹងជួបជាមួយលោក ស៊ី ជិនពីង កំលុងកិច្ចប្រជុំ APEC នៅប្រទេសថៃ

 (តូក្យូ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ អោយដឹងថា រដ្ឋាភិបាលទីក្រុងតូក្យូបានឱ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ីដា (Fumio Kishida) នឹងជួបទ្វេភាគីជាមួយ ប្រធានាធិបតីចិន លោក ស៊ីជិនពីង នៅថ្ងៃ ព្រហស្បតិ៍សប្តាហ៍នេះ ខណៈជំនួបរវាងមេដឹកនាំទាំងពីរ នឹងកើតឡើងស្របពេល ដែលភាពតាន តឹងនៅតំបន់អាស៊ីបូព៌ា បានកើនឡើងជុំវិញបញ្ហាកោះតៃវ៉ាន់និងកូរ៉េខាងជើង។

បច្ចុប្បន្នលោក ស៊ី ជិនពីង និងលោក ហ្វូមីអូ គីស៊ីដា កំពុងមានវត្តមាននៅកោះបាលីនៃប្រទេស ឥណ្ឌូណេស៊ី សម្រាប់កិច្ចប្រជុំកំពូល G20 ដែលនឹងបើកធ្វើរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥-១៦ ខែវិច្ឆិកា ។ បន្ទាប់មកទៀត លោកមេដឹកនាំចិន ព្រមទាំងលោកមេដឹកនាំជប៉ុន នឹងបន្តដំណើរទៅកាន់ ប្រទេសថៃ សម្រាប់កិច្ចប្រជុំកំពូល APEC ខណៈបើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលជប៉ុន គឺជាទីដែល​លោក ស៊ី និងលោក គីស៊ីដា ត្រូវជួបពិភាក្សាទ្វេភាគី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

គួរបញ្ជាក់ថា ចំណងទាក់ទងជប៉ុន-ចិន បានស្ថិតក្នុងភាពរកាំរកូសនឹងគ្នាជាយូរមកហើយ ដោយ សារតែបញ្ហាវិវាទ ជុំវិញទីប្រជុំកោះតូចៗគ្មានមនុស្សរស់នៅ ដែលស្ថិតក្នុងតំបន់សមុទ្រចិនខាងកើត ព្រមទាំងដោយសារតែកេរ្តិ៍តំណែល ដែលបន្សល់ទុកពីការឈ្លានពានសម័យសង្រ្គាមលោកលើកទី២ របស់ជប៉ុន ហើយនិងការប្រកួតប្រជែងនៅក្នុងតំបន់។

ក្នុងឆ្នាំនេះទំនាក់ទំនងប្រទេសទាំងពីរ បានកាន់តែធ្លាក់ចុះថែមទៀត ក្រោយចិនធ្វើសមយុទ្ធបាញ់ មីស៊ីលធ្លាក់ចូលក្នុងដែនទឹក ក្បែរប្រទេសជប៉ុន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ ប្រធានសភា តំណាងរាស្រ្តអាមេរិក លោក ណានស៊ី ផេឡូស៊ី នៅកោះតៃវ៉ាន់ កាលពីដើមខែសីហា។ ពេលនោះទីក្រុងតូក្យូនិងសហរដ្ឋអាមេរិក បានចេញមុខថ្កោលទោសសកម្មភាពរបស់ចិន៕