សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា សមាជិកអាស៊ាន និងអាស៊ានជារួម ប្រកាសដោយមោទ នភាព ក្នុងការយកឈ្នះលើជំងឺកូវីដ១៩ និងចាប់ផ្ដើមស្ដារសេដ្ឋកិច្ចឡើងវិញ

(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការព្យាយាម និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីលះបង់របស់យើង តាមរយៈសមាជិកអាស៊ាននីមួយៗ និងអាស៊ានជារួម អាចប្រកាសដោយមោទនភាពថា យើងបាន យកឈ្នះលើការ គំរាមកំហែងជាសកលនេះ។

ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា បន្ទាប់ពីយកឈ្នះលើការគំរាមកំហែងសកលនេះ សមាជិកទាំងអស់បានចាប់ផ្ដើមដំណើការស្តារឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ច។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការរាតត្បាតនៃកូវីដ-១៩ បានកើត មានជិត៣ឆ្នាំហើយ ចាប់តាំងពីដើមឆ្នាំ២០២០មក។ ជាមួយនឹងការព្យាយាម និងកិច្ចខិតខំប្រឹង ប្រែងប្រកបដោយស្មារតីលះបង់របស់យើង តាមរយៈសមាជិកអាស៊ាននីមួយៗ និងអាស៊ានជារួម យើងអាចប្រកាសដោយមោទនភាពថា យើងបានយកឈ្នះលើការ គម្រាមកំហែងជាសកលនេះ ហើយបានចាប់ផ្ដើមដំណើការស្តារឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ច»។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) កាលពីខែតុលាកន្លងទៅនេះ រដ្ឋសមាជិក អាស៊ាននីមួយៗ នឹងទទួលបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន ហើយតំបន់អាស៊ានទាំងមូល នឹងអាច សម្រេចបានកំណើនក្នុងអត្រា៥,៣% និង ៤,៩% ក្នុងឆ្នាំ ២០២២ និង២០២៣រៀងគ្នា ដែលជា អត្រាខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនៃសកលលោក។

ប្រធានប្ដូរវេនអាស៊ាន សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ខណៈដែលយើងកំពុង សប្បាយរីករាយជាមួយនឹងផ្លែផ្កាពីការខិតខំរបស់យើង លើវិថីឆ្ពោះទៅកាន់កំណើនប្រកបដោយ ចីរភាពនេះ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយស្ថានភាពសង្គមសេដ្ឋកិច្ចអាស៊ាន និងទូទាំង សកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, យើងកំពុងស្ថិតនៅលើចំណុចប្រសព្វដ៏ស្រពេច ស្រពិលបំផុត ដែលជីវិតមនុស្សរាប់លាននាក់ក្នុងតំបន់ ពឹង ផ្អែកលើឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយ និងការសម្រេចចិត្តត្រឹមត្រូវ និងអភិក្រមប្រាកដនិយមរបស់យើង ក្នុងការដោះ ស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រនានា ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បន្ដទៀតថា ពាក្យស្លោកមួយបានពោលថា គ្រោះមហន្តរាយ និងវិបត្តិ អាចបញ្ចេញមកនូវឧត្តមភាពរបស់មនុស្ស។ ក្នុងន័យនេះ សម្ដេចមានជំនឿថា យើងទាំងអស់គ្នាជួប ជុំគ្នានៅទីនេះ និងថ្ងៃនេះ ក្នុងគោលបំណងចែករំលែកនូវការយល់ឃើញពីភាពបន្ទាន់ ក្នុងការធ្វើ ការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមខាងលើ។ សម្ដេចក៏ជឿជាក់ថា អ្នកទាំងអស់គ្នា យល់ ស្របជាមួយនឹងមូលបទឆ្នាំនេះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលត្រូវនឹងបរិបទ ហើយក៏សមស្របនឹងស្ថានការណ៍បច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ថ្វីត្បិតមានបញ្ហាប្រឈមដ៏មហិមា យើងទាំងអស់គ្នា បានរៀបចំនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហគមន៍សង្គម-វប្បធម៌អាស៊ាន សេដ្ឋកិច្ច ការពារ ជាតិ និងរដ្ឋមន្ត្រីផ្សេងទៀត នាពេលកន្លងមក ជាមួយនឹងលទ្ធផលគួរជាទីគាប់ចិត្ត។ ទាំងនេះបង្ហាញពីសាមគ្គីភាព ទៅកាន់ពហុភាគីនិយម ភាពចាស់ទុំក្នុងទំនាក់ទំនងការទូតរបស់យើង និងការប្ដេជ្ញាចិត្តរបស់យើង ដើម្បីសន្តិភាព ស្ថិរភាព និងផ្នត់គំនិតមនុស្សធម៌សម្រាប់ប្រជាជន គ្រប់គ្នា៕