(សេអ៊ូល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ គឺ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបាននិយាយថាខ្លួនកំពុងចរចាជា មួយសហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំឱ្យ អ៊ុយក្រែននូវគ្រាប់កាំភ្លើងធំ បន្ទាប់ពីកាសែត Wall Street Journal បានរាយការណ៍ថាទីក្រុងសេអ៊ូល យល់ព្រមលក់អាវុធមានគោលដៅសម្រាប់ អ៊ុយក្រែន។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិកូរ៉េខាងត្បូង បានគូសបញ្ជាក់ ដូច្នេះថា «ក្នុងគោលដៅបំពេញឡើងវិញនូវការខ្វះខាត គ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ (155mm) នៃឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក កិច្ចចរចាកំពុងចាប់ផ្ដើមធ្វើឡើងរវាងក្រុមហ៊ុនអាមេរិក និងកូរ៉េ ខាងត្បូង ដើម្បីនាំចេញគ្រាប់កាំភ្លើងធំ»។ ក្រសួងបានបន្ថែមទៀតថា គោលជំហររបស់កូរ៉េខាងត្បូង នៅតែដដែល ដោយនឹងមិនផ្ដល់អាវុធ ដែលអាចសម្លាប់ជីវិតមនុស្សដល់អ៊ុយក្រែននោះទេ ហើយ សហរដ្ឋអាមេរិក គឺជាអ្នកប្រើប្រាស់ពិតប្រាកដនូវគ្រាប់កាំភ្លើងធំកូរ៉េខាងត្បូង៕