(ភ្នំពេញ)៖ ថ្លែងនៅចំពោះថ្នាក់ដឹកនាំកំពូលអាស៊ាន, សម្តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ប្តូរវេនឆ្នាំ២០២២ បានបង្ហាញជំនឿថា ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ថ្នាក់ដឹកនាំ ប្រមុខរដ្ឋាភិបាលអាស៊ាន ក្នុងមានគោលបំណងចែករំលែកនូវការយល់ឃើញ ការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ខណៈដែលយើងកំពុងសប្បាយរីករាយជាមួយនឹង ផ្លែផ្កាពីការខិតខំរបស់យើង លើវិថីឆ្ពោះទៅកាន់កំណើនប្រកបដោយចីរភាពនេះ យើងត្រូវតែប្រុង ប្រយ័ត្នជានិច្ច ដោយស្ថានភាពសង្គមសេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយ ស្រួយ និងបែកខ្ញែកគ្នានៅឡើយ។ យើងកំពុងស្ថិតនៅលើចំណុចប្រសព្វដ៏ស្រពេចស្រពិលបំផុត ដែលជីវិតមនុស្សរាប់លាននាក់ក្នុងតំបន់ ពឹងផ្អែកលើឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយ គោលន យោបាយ និងការសម្រេចចិត្តត្រឹមត្រូវ និងអភិក្រមប្រាកដនិយមរបស់យើង ក្នុងការដោះស្រាយ បញ្ហាប្រឈមជាយុទ្ធសាស្ត្រនានា ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ។
ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ជាផ្លូវការនៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន មានជំនឿយ៉ាងដូច្នេះថា៖ «ពាក្យស្លោកមួយបានពោលថា គ្រោះមហន្តរាយ និងវិបត្តិអាចបញ្ចេញមកនូវឧត្តមភាពរបស់មនុស្ស។ ក្នុងន័យនេះ ខ្ញុំជំនឿថា យើងទាំងអស់គ្នាជួបជុំគ្នានៅទីនេះ និងថ្ងៃនេះ ក្នុងគោលបំណងចែករំលែកនូវការយល់ឃើញ ពីភាពបន្ទាន់ ក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមខាងលើ។ ខ្ញុំក៏ជឿជាក់ថា អ្នកទាំងអស់គ្នា យល់ស្របជាមួយនឹងមូលបទឆ្នាំនេះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈម ទាំងអស់គ្នា» ដែលត្រូវនឹងបរិបទ ហើយក៏សមស្របនឹងស្ថានការណ៍បច្ចុប្បន្ន»។
ទន្ទឹមនឹងនេះ ប្រធានអាស៊ាន ប្តូរវេន សម្តេចតេជោ ហ៊ុន សែន ក៏សូមលើកឡើងថា ថ្វីត្បិតមាន បញ្ហាប្រឈមដ៏មហិមា យើងទាំងអស់គ្នាបានរៀបចំនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហគមន៍ សង្គម-វប្បធម៌អាស៊ាន សេដ្ឋកិច្ច ការពារជាតិ និងរដ្ឋមន្ត្រីផ្សេងទៀតនាពេលកន្លងមកជាមួយនឹងលទ្ធ ផលគួរជាទីគាប់ចិត្ត។
ត្រង់ចំណុចនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ទាំងនេះបង្ហាញពីសាមគ្គីភាព ទៅ កាន់ពហុភាគីនិយម ភាពចាស់ទុំក្នុងទំនាក់ទំនងការទូតរបស់យើង និងការប្ដេជ្ញាចិត្តរបស់យើង ដើម្បីសន្តិភាព ស្ថិរភាព និងផ្នត់គំនិតមនុស្សធម៌សម្រាប់ប្រជាជនគ្រប់គ្នា។
«ខ្ញុំជឿជាក់ថា ស្មារតីសហប្រតិបត្តិការ និងការចូលរួមដោយស្ថាបនាដែលបង្ហាញជាក់ស្ដែងកន្លងមក នៅតែអាចបន្តជាអាទិភាព ក្នុងកិច្ចពិភាក្សារបស់យើងក្នុងរយៈពេល ៤ថ្ងៃខាងមុខេះ»។ នេះជាលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ដោយឆ្នាំ ២០២២ នឹងបញ្ចប់ក្នុងពេលឆាប់ៗ នេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូ នឹងផ្តល់នូវដំណោះស្រាយ ដើម្បីសម្រេចនូវសមិទ្ធផល និងអាទិភាពគន្លឹះសម្រាប់ឆ្នាំ២០២២ របស់អាស៊ាន និងផ្សារភ្ជាប់ជាមួយនឹងទិសដៅសហប្រតិបត្តិការនាពេលអនាគត។ ក្នុងកិច្ចប្រជុំទាំងនេះយើងនឹងអនុម័ត និងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផលដ៏វែង ចំនួនប្រហែល ១០០ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការរបស់យើង នាឆ្នាំតទៅ មុខ៕