លោក ចូ បៃដិន សន្យាធ្វើការជាមួយគណបក្សសាធារណរដ្ឋ ដែលកាន់តែខិតជិតទៅរកការគ្រប់គ្រង សភាតំណាងរាស្ត្រ

(វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ គឺ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាថាលោកនឹងធ្វើការជាមួយ គណបក្សសាធារណរដ្ឋ ដែលកំពុងខិតកាន់តែជិតទៅរកការគ្រប់គ្រង សំឡេងភាគច្រើននៃសភា តំណាងរាស្ត្រ នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯសេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះ លោក បៃដិន បានគូស បញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាប្រជាជនអាមេរិក បានបញ្ជាក់ យ៉ាងច្បាស់ថាពួកគេរំពឹងថាគណបក្ស សាធារណរដ្ឋ នឹងត្រូវរៀបចំខ្លួន ដើម្បីធ្វើការជាមួយខ្ញុំ»។ លោក បៃដិន ក៏បានរំលឹកឡើងវិញនូវ បំណងរបស់លោកក្នុង ការឈរឈ្មោះ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ ដោយនិយាយថាលោក នឹងធ្វើការសម្រេចចិត្តចុងក្រោយ នៅដើមឆ្នាំ២០២៣។

លទ្ធផលបណ្តោះអាសន្ននៃការប្រកួតប្រជែងក្នុងរដ្ឋណេវ៉ាដា (Nevada) និងរដ្ឋអារីហ្សូណា (Arizona) គឺគណបក្សសាធារណរដ្ឋ តាមប្រកៀកប្រកិតជាមួយ គណបក្សប្រជាធិបតេយ្យ ប៉ុន្តែនៅ មិនទាន់មានការសម្រេចឡើយដោយការរាប់សន្លឹកឆ្នោតរាប់ពាន់សន្លឹកអាចចំណាយពេលច្រើនថ្ងៃ។ តែ គណបក្សសាធារណរដ្ឋ កំពុងខិតកាន់តែជិតទៅរកកៅអីចំនួន២១៨ ដែលជាសំឡេងភាគច្រើន ដើម្បីដណ្តើមការគ្រប់គ្រងសភាតំណាងរាស្ត្រពីគណបក្សប្រជាធិបតេយ្យ៕