រុស្ស៉ី បញ្ជាកងទ័ពឲ្យដកថយចេញពីទីក្រុង Kherson ជាទីដែលមានការប្រយុទ្ធគ្នាខ្លាំងក្លាបំផុត រវាងកងទ័ពនៃប្រទេសទាំងពីរ

(មូស្គូ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅថ្ងៃពុធនេះ បាន បញ្ជាឱ្យកងទ័ពរបស់ទីក្រុងមូស្គូ ដកខ្លួនចេញពីទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន ដែលកងកម្លាំងអ៊ុយក្រែន បាននិងកំពុងវាយបកយ៉ាងលឿនឆ្ពោះទៅមុខជាច្រើនសប្តាហ៍កន្លង មកនេះ។ ​

លោក Shoigu បាននិយាយនៅក្នុងសន្និសីទវីដេអូមួយ ជាមួយមេបញ្ជាការរុស្ស៊ីនៅអ៊ុយក្រែន លោក Sergei Surovykin ដែលបង្ហាញពី «ការសម្រេចចិត្តដ៏លំបាក» ក្នុងការដកកងទ័ពចេញពីទីក្រុង Kherson និងបានបញ្ជាឲ្យកសាងការការពារនៅច្រាំងខាងឆ្វេងនៃទន្លេ Dnieper ។

សេចក្តីសម្រេចនេះបានកត់សម្គាល់ថា​ ជាការដកថយដ៏សំខាន់បំផុតមួយរបស់រុស្ស៊ី ចាប់តាំងពីខ្លួន បានចាប់ផ្តើមការវាយប្រហារអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។

គួរបញ្ជាក់ថា នៅដើមសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសគាំទ្រជា សាធារណៈចំពោះការជម្លៀសជនស៊ីវិល ពីផ្នែកខ្លះនៃតំបន់ខឺសុន (Kherson) ភាគខាងត្បូងអ៊ុយ ក្រែន ជាទីដែលមានការប្រយុទ្ធគ្នាខ្លាំងក្លាបំផុតរវាងកងទ័ពនៃប្រទេសទាំងពីរ៕