កូរ៉េខាងជើង ច្រានចោលការចោទប្រកាន់ដែលថា ខ្លួនផ្គត់ផ្គង់គ្រាប់កាំភ្លើងធំឱ្យរុស្ស៉ី


 (សេអ៊ូល)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២បញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃអង្គារនេះបាននិយាយថាការអះអាងរបស់សហរដ្ឋ អាមេរិកដែលថា ទីក្រុងព្យុងយ៉ាង កំពុងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំឱ្យរុស្ស៉ី សម្រាប់ធ្វើ សង្រ្គាមនៅអ៊ុយ ក្រែន គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និងមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះកូរ៉េខាងជើង។

ការបដិសេធរបស់កូរ៉េខាងជើងធ្វើឡើងជាការឆ្លើយតបទៅនឹងការចោទប្រកាន់ពីសំណាក់អ្នកនាំាពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោក ចន ឃឺប៊ី ដែលនិយាយ ថាគ្រាប់កាំភ្លើងធំក្នុងចំនួនដ៏ច្រើន ត្រូវបានលួចលាក់ដឹកជញ្ជូនពីកូរ៉េខាងជើងទៅកាន់រុស្ស៉ី កាត់តាមតំបន់មជ្ឈិមបូព៌ា ឬអាហ្វ្រិក។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញ ផ្សាយនៅថ្ងៃអង្គារនេះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នាយករងទទួលបន្ទុកកិច្ចការយោធាបរទេសនៃក្រសួងការពារជាតិកូរ៉េខាងជើង បានគូសបញ្ជាក់ ដូច្នេះថា «កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានបំផុសបំផុលពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងលក់អាវុធរវាងកូរ៉េខាងជើង និងរុស្ស៉ី…យើងសូម បញ្ជាក់ម្ដងទៀតថាយើង មិនមានកិច្ចព្រមព្រៀងអាវុធជាមួយរុស្ស៉ីទេ ហើយយើងក៏មិនមានផែនការធ្វើដូច្នេះនៅពេលអនាគត នោះដែរ»

សេចក្ដីថ្លែងការណ៍ដដែលនេះបានបន្ថែមថា ពាក្យចចាមអារ៉ាមខាងលើគឺជាផ្នែកមួយនៃការប៉ុនប៉ង របស់សហរដ្ឋអាមេរិក ក្នុងការបង្ខូចកេរ្តិ៍ឈ្មោះរបស់កូរ៉េខាងជើង នៅលើឆាកអន្តរជាតិ៕