រដ្ឋមន្ត្រីទេសចរណ៍ លើកឡើងថា បុណ្យសមុទ្រជាឱកាសបង្ហាញពិភពលោកពីជោគជ័យរបស់កម្ពុជា ក្រោយវិបត្តិកូវីដ១៩


 (ព្រះសីហនុ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២នខាងមុខនោះ គឺជា ឱកាសបង្ហាញពិភពលោកអំពីជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ប្រកបដោយជោគជ័យ ជាមួយនឹងការបើកប្រទេស សេដ្ឋកិច្ច សង្គម និងធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ។

ការថ្លែងបែបនេះរបស់ឯកឧត្តម រដ្ឋមន្ត្រីត្រូវបានធ្វើឡើងនាឱកាសកិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់ថា «ពិធីបុណ្យសមុទ្រនេះជាឱកាសបង្ហាញពិភពលោក អំពីជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ប្រកបដោយជោគជ័យ ហើយ កម្ពុជាបានបើកប្រទេស សេដ្ឋកិច្ច សង្គម មានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នក វិនិយោគ»

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថាឱកាសនេះក៏ពិសេសដែរសម្រាប់ការបង្ហាញពីសមត្ថភាពខិតខំរបស់រាជរដ្ឋាភិបាលក្នុងពេលកន្លងមក ទាំងការគ្រប់គ្រង ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសមិទ្ធផល និងហេដ្ឋារចនាសម្ពន្ធក្នុងមូលដ្ឋាន។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យមានការយកចិត្តទុកដាក់ចំពោះការ ថែរក្សាសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ក៏ដូចជាការបញ្ជៀសភាពកកកុញមនុស្សច្រើន ជៀសវាងគ្រោះ ថ្នាក់រត់ជាន់គ្នា។ឯកឧត្តម ក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់លើបញ្ហាទុកសំរាម កាកសំណល់ ទាំងក្នុងពេល រៀបចំព្រឹត្តិការណ៍ និងក្រោយពេលព្រឹត្តិការណ៍ចប់។

ឯកឧត្តម ក៏បានលើកឡើងអំពីរៀបចំការតុបតែងទីក្រុង ទីសាធារណៈ ព្រមទាំងរៀបចំផ្ទះប្រជាពល រដ្ឋសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរនាឱកាសពិធីបុណ្យសមុទ្រនោះផងដែរ។

ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ការរៀបចំពិធីបុណ្យសមុទ្រនេះមិនត្រឹមតែគ្រាន់តែរៀបចំបុណ្យ នោះឡើយ តែក៏ជាឱកាសនៃការអប់រំប្រជាពលរដ្ឋពីការចូលរួមថែរក្សាអនាម័យ និងផ្សព្វផ្សាយ ពីអត្ថន័យនៃពិធីបុណ្យ។ ឯកឧត្តម បានណែនាំការរៀបចំសេវាស្នាក់នៅ និងសេវាកម្មម្ហូបអាហារជូន ភ្ញៀវទេសចរ កុំឱ្យមានការខ្វះខាត ព្រមទាំងយកចិត្តទុកដាក់ពីការគ្រប់គ្រងតម្លៃសេវា ការទុកដាក់ សំរាម កាកសំណល់ទាំងនៅក្នុងទីតាំងអាជីវកម្ម និងទីសាធារណៈទៀតផង។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តជំរុញការបង្ហាញផលិតផលក្នុងស្រុកឱ្យបានច្រើនបំផុតស្របតាមចលនា «ភូមិមួយ ផលិតផលមួយ» ដេលជាអាទិភាពសំខាន់ក្នុងការរៀចំព្រឹត្តិការណ៍នេះ។

នាកិច្ចប្រជុំនោះប្រធានអនុគណៈកម្មការនីមួយៗបានរៀបចំការងារដែលទទួលបន្ទុករៀងៗខ្លួនសឹងតែរួចរាល់អស់ហើយ ពាក់ព័ន្ធនឹងការត្រៀមរៀបចំពិធីបុណ្យសមុទ្រនាពេលខាងមុននោះ ខណៈនៅ សល់៣១ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះនឹងឈានមកដល់ហើយ។

ក្នុងព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះដែរក៏មានស្ដង់ពិព័រណ៍ចំនួន៣៥០ស្ដង់ ដែលរៀបចំនៅតាម បណ្ដោយផ្លូវទីលានសម្ដេចតេជោ ក្នុងនោះមានស្ដង់ពិព័រណ៍របស់ក្រសួងស្ថាប័នពាក់ព័ន្ធ ស្ដង់តំបន់ អភិវឌ្ឍទេសចរណ៍ ស្ដង់បង្ហាញពីឧស្សាហកម្ម៤.០ ស្ដង់សមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតជាង គេលើសកលលោក ស្ដង់វិស័យទេសចរណ៍ ស្ដង់ស្ថានទូតនិងវិស័យទេសចរណ៍បរទេស និងស្ដង់ដៃ គូឧបត្ថម្ភនានា ពិសេសគឺមានស្ដង់ម្ហូបអាហារខ្មែរនិងបរទេស និងមានភូមិម្ហូបអាហារតាមដងផ្លូវ ទៀតផងដែរ។

អង្គប្រជុំបានរាយការណ៍អំពីកិច្ចការសំខាន់ៗពាក់ព័ន្ធនឹងការងាររៀបចំទស្សនីយភាពសិល្បៈ ក្រៅពី មានការសម្ដែងសិល្បៈរបស់ក្រុមសិល្បករជាតិ ក៏មានការបញ្ជាក់ពីការចូលរួមរបស់ក្រុមសិល្ប ករបរទេស ដូចជាឥណ្ឌូណេស៉ី ឥណ្ឌា ថៃ និងវៀតណាម។

អង្គប្រជុំបានបន្តរាយការណ៍ពីការងាររៀបចំព្រឹត្តិការណ៍កីឡា គឺមានព្រឹត្តិការណ៍ច្រើនជាងបុណ្យ សមុទ្រនាឆ្នាំមុនៗ ក្នុងនោះមានដូចជាកីឡារត់ប្រណាំងកម្សាន្តចម្ងាយ៣គីឡូម៉ែត្រនិង៥គីឡូម៉ែត្រ កីឡាជិះកង់កម្សាន្តចម្ងាយ២០គីឡូម៉ែត្រនិង៤០គីឡូម៉ែត្រ កីឡាប្រដាល់គុនខ្មែរ កីឡាបាល់ទាត់ លើតុ កីឡាបាល់បោះ កីឡាទូកក្ដោងជាដើម។

សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ ២០២២ជាមួយគ្នានោះកម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូផងដែរ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដី សង្ឃឹម»