(កំពង់ធំ)៖ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា(NOCC) និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានចាត់ទុកការប្រកួតកីឡា ប្រដាល់គុនខ្មែរ និងកីឡាមហាជន ដើម្បីអបអរសាទរពិធីអុំទូកខេត្តកំពង់ធំ ឆ្នាំ២០២២ គឺជាការរួម ចំណែកមួយដ៏សំខាន់ ក្នុងការបំផុសចលនាមហាជនឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ការលើកឡើងនេះ ស្របពេល ឯកឧត្តម រដ្ឋមន្ដ្រីបាន អញ្ជើញជាអធិបតី ជាមួយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្នុងកម្មវិធីប្រដាល់គុនខ្មែរ លក្ខណៈមិត្តភាព ដែលរៀបចំដោយ NOCC សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ ដើម្បីអបអរសាទរក្នុងឱកាសខេត្តកំពង់ធំ បានរៀបចំពិធីអុំទូកប្រចាំឆ្នាំ២០២២ រយៈពេល ២ថ្ងៃ នៅថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្ដោយដងស្ទឹងសែន ។
ឯកឧត្តម បណ្ឌិត ថោង ខុន បានកោតសរសើរ ចំពោះរដ្ឋបាលខេត្ត ដែលបានរៀបចំពិធីអុំទូក ពិសេសការសហការជាមួយអាជ្ញាធរកីឡា មានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ ក៏ដូចជាថ្នាក់ដឹកនាំពាក់ព័ន្ធ ដើម្បីរៀបចំនូវការប្រកួតកីឡាមហាជន (រត់កម្សាន្ដ) និងការប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលជាការផ្សាភ្ជាប់មួយដ៏សំខាន់ ក្នុងការជំរុញ ចលនាមហាជនឲ្យលេងកីឡា និងគាំទ្រដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។
ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ធំដដែល បន្ថែមថា «នៅក្នុងកម្មវិធីឆ្ពោះទៅរកស៊ីហ្គេម ឆ្នាំ២០២៣ គឺជាចលនាមហាជន មានន័យថា គ្រប់គ្នាទាំងអស់ ប្រជាជនម្នាក់ត្រូវចេះលេងកីឡា មួយមុខ ។ ដូច្នេះការប្រកួតកីឡានេះ ក៏ដើម្បីអបអរសាទរពិធីបុណ្យអុំទូកនៅខេត្តយើងផង តែក៏ ដើម្បីចូលរួមឆ្ពោះទៅរកការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅថ្ងៃខាងមុខផងដែរ» ។
ទន្ទឹមជាមួយគ្នា ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណលោកបណ្ឌិត ថោង ខុន ពិសេសគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានពាំនាំមកនូវកីឡាប្រដាល់គុនខ្មែរ ដែលបង្កលក្ខណៈ កាន់តែអធិកអធមថែមទៀត នៅក្នុងពិធីអុំទូកខេត្តកំពង់ធំប្រចាំឆ្នាំ២០២២ ។ អ្វីដែលពិសេស គឺក្នុងការប្រកួតនេះ មានមានការចូលរួមពីកីឡាករ ក៏ដូចជាក្លិបមួយ ដែលមានមូលដ្ឋាននៅខេត្ត កំពង់ធំផ្ទាល់ គឺក្លិបដាវដែក ។ តាមរយៈនេះ លោកក៏បានប្ដេជ្ញារួមចំណែកអភិវឌ្ឍន៍ក្លិបមួយនេះឲ្យ កាន់តែរីកចម្រើន ដើម្បីលើកមុខមាត់កីឡាអត្តសញ្ញាណជាតិនៅខេត្តរបស់ខ្លះផងដែរ ។
គួរដឹងថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលរៀបចំដោយ NOCC សហការជាមួយសហព័ន្ធកីឡា ប្រដាល់គុនខ្មែរខាងលើ គឺមានចំនួន ១១គូ ដែលជាការប្រកួតលក្ខណៈមិត្តភាពជាតិ ។ ក្នុងការប្រកួតនេះ គេឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលរួមទស្សនាកម្សាន្ដ ។ ដោយឡែកនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកាស្អែក NOCC ក៏នឹងមានរៀបចំកម្មវិធីរត់កម្សាន្ដនៅក្នុងក្រុង កំពង់ធំថែមទៀតផង ៕