(គូឡាឡាំពួរ)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបញ្ជាក់ថា ធនាគារកណ្តាលរបស់ប្រទេស ម៉ាឡេស៊ីបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួននៅកិច្ចប្រជុំជាប់គ្នាលើកទីបួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះខណៈដែលធនាគារនេះព្យាយាមទប់ស្កាត់កំណើនអតិផរណាក្នុងគ្រាដែលមានចក្ខុវិស័យកំណើនវិជ្ជមាន។
ធនាគារ Negara Malaysia (BNM) ដែលជាធនាគារកណ្តាលរបស់ម៉ាឡេស៊ីបានដំឡើងអត្រា គោលនយោបាយរយៈពេលមួយយប់ (OPR) របស់ខ្លួនចំនួន ២៥ពិន្ទុមូលដ្ឋានឬ ០,២៥ភាគរយ ដែលធ្វើឱ្យអត្រាការប្រាក់នេះកើនឡើងដល់ ២,៧៥ភាគរយ។ ការដំឡើងអត្រាការប្រាក់នេះធ្វើឡើងដូចទៅនឹងការរំពឹងទុករបស់សេដ្ឋវិទូភាគច្រើននៅក្នុងការស្ទង់មតិដោយទីភ្នាក់ងារព័ត៌មានរ៉យ។
រួមទាំងការដំឡើងអត្រាការប្រាក់នៅថ្ងៃព្រហស្បតិ៍នេះ ធនាគារកណ្តាល BNM បានបង្កើនអត្រាស រុប ១ភាគរយហើយគិតចាប់តាំងពីខែឧសភាមក ពីអត្រាទាបជាប្រវត្តិសាស្ត្រ ១,៧៥ភាគរយ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយធនាគារកណ្តាលម៉ាឡេស៊ីថា ការដំឡើងអត្រាការប្រាក់នៅថ្ងៃព្រហស្បតិ៍នេះ នឹងជួយ «គ្រប់ គ្រងជាមុននូវហានិភ័យនៃតម្រូវការលើសលប់ទៅលើសម្ពាធតម្លៃ»។
អតិផរណានៅម៉ាឡេស៊ីបាននិងកំពុងកើនឡើង ដោយសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើង ៤,៥ភាគរយនៅខែកញ្ញាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តែធ្លាក់ចុះបន្តិចធៀបនឹង ៤,៧ភាគ រយក្នុងខែសីហា។ រដ្ឋាភិបាលម៉ាឡេស៊ីរំពឹងថា អតិផរណានឹងមានកម្រិតមធ្យម ៣,៣ភាគរយនៅឆ្នាំ នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕