ឥណ្ឌូនេស៊ីនឹងដំឡើងអត្រាពន្ធអាករសម្រាប់ផលិតផលថ្នាំជក់ ១០% ក្នុងឆ្នាំ២០២៣


(ហ្សាការតា)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អោយដឹងថា ប្រទេសឥណ្ឌូនេស៊ីនឹងដំឡើង អត្រាពន្ធអាករសម្រាប់ផលិតផលថ្នាំជក់ជាមធ្យម ១០ភាគរយនៅឆ្នាំក្រោយក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងការជក់បារី។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុមឥណ្ឌូនេស៊ីលោក Sri Mulyani Indrawati បានឱ្យដឹនៅក្នុងសន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា អត្រានេះនឹងត្រូវបានដំឡើង ១០ភាគរយម្តងទៀតនៅ ឆ្នាំ២០២៤។ លោកបានបន្ថែមថា ការកើនឡើងពន្ធកាន់តែខ្ពស់នឹងត្រូវធ្វើឡើងចំពោះបារីដែលប្រើ ផលិតដោយម៉ាស៊ីន។

ប្រទេសឥណ្ឌូនេស៊ីបានដំឡើងអត្រាពន្ធលើផលិតផលថ្នាំជក់ស្ទើរតែរៀងរាល់ឆ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីព្យាយាមកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃការជក់បារីក្នុងចំណោមយុវវ័យរបស់ខ្លួន។ យោងតាមរ៉យទ័រ អត្រាពន្ធប្រចាំឆ្នាំនេះខ្ពស់ជាងឆ្នាំមុនជាមធ្យម ១២ភាគរយ៕