(បរទេស)៖ តាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រាប់អោយដឹងថា បន្ទាប់ពីការប្រកាសបង្ហាញរបស់ម្ចាស់ Twitter ថ្មីលោក Elon Musk គ្រោងបញ្ឈប់បុគ្គលិកជិត ៤០០០នាក់នោះ ពេលនេះទទួលបានការបញ្ជាក់ហើយ ខណៈបុគ្គលិក ទាំងនោះនឹងត្រូវបានចាប់ផ្តើមបញ្ឈប់តាមរយៈការផ្ញើអ៊ីមែលនៅថ្ងៃនេះតែម្តង។ ប្រភពពី NBC News បានឱ្យដឹងថានៅក្នុងអ៊ីមែលដែលទទួលបានពី Twitter នៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះបាននិយាយថា ពួកគេនឹងចាប់ផ្តើមជូនដំណឹងដល់បុគ្គលិកប្រមាណ ៣៧០០នាក់ ដែល Musk គ្រោងនឹងបញ្ឈប់តាមរយៈអ៊ីមែលចាប់ពីព្រឹកថ្ងៃសុក្រនេះតទៅ។ ពោលគឺ អ៊ីមែលនេះត្រូវបាន Twitter ផ្ញើទៅកាន់ NBC News បន្ទាប់ពីកិច្ចពិភាក្សារវាង Musk និងមនុស្សជំនិតបានបញ្ចប់។
យោងតាមខ្លឹមសារអ៊ីមែលនោះបាននិយាយថា«យើងទទួលស្គាល់ថាការបញ្ឈប់ការងារនេះនឹងប៉ះពាល់ដល់បុគ្គលមួយចំនួនដែលបានរួមចំណែកដ៏មានតម្លៃចំពោះ Twitter ប៉ុន្តែជាអកុសលសកម្មភាព នេះគឺចាំបាច់ដើម្បីធានាឱ្យក្រុមហ៊ុនទទួលបានជោគជ័យឆ្ពោះទៅមុខ»។
ដូច្នេះរាល់បុគ្គលិក Twitter ទាំងអស់នឹងចាប់ផ្តើមទទួលបានអ៊ីមែលបញ្ជាក់ពីការធ្វើការថាគួរតែនៅ ឬក៏ទៅដែលនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃនេះតទៅ៕