CAMSOC ត្រៀមទទួលចុះឈ្មោះអ្នកស្ម័គ្រចិត្ត បម្រើដល់ស៊ីហ្គេម ឆ្នាំ២០២៣ ក្រោយពីធីបុណ្យអុំទូក

 (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ត្រៀមនឹងបើកទទួលការចុះឈ្មោះអ្នកស្ម័គ្រចិត្ត សម្រាប់បម្រើការងារក្នុងព្រឹត្តិការណ៍ ប្រវត្តិសាស្ដ្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោយចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក នាពេលឆាប់ៗខាងមុខ។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំជាមួយគណៈកម្មការអ្នកស្ម័គ្រចិត្ត គណៈ កម្មការហ្គេមព័ត៌មានវិទ្យា និងក្រុមហ៊ុនដៃគូ Pathmazing ដើម្បីពន្លឿន ក៏ដូចជារៀបចំផែនការ ទទួលចុះឈ្មោះអ្នកស្ម័គ្រចិត្តតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី០៣ ខែវិច្ឆិកាម្សិលមិញ នៅទីស្នាក់ ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម ថា តាមការលើកឡើងរបស់ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មការអ្នកស្ម័គ្រ ចិត្ត បានបង្ហាញអំពីកិច្ចការរបស់អ្នកស្ម័គ្រចិត្ត ជួយធ្វើដោយផ្ទាល់ និងការជួយបំផុសចលនាពីចម្ងាយ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ដោយលោកអះអាងថា ការចុះឈ្មោះអ្នក ស្ម័គ្រចិត្ត នឹងធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់យុវជន ប្រជាពលរដ្ឋខ្មែរទូទៅ និងជនបរទេស ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយនឹងត្រូវប្រកាសបើកទទួលការចុះឈ្មោះជាផ្លូវការ ក្រោយព្រះរាជពិធីបុណ្យអុំទូក។

អ្នកស្ម័គ្រចិត្តសម្រាប់បម្រើដល់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ត្រូវបានចែកចេញជាពីរផ្នែក គឺអ្នកស្ម័គ្រចិត្តត្រូវធ្វើ កិច្ចការដោយផ្ទាល់ និងការធ្វើកិច្ចការពីចម្ងាយ លើកិច្ចការផ្សព្វផ្សាយពីដំណើរឆ្ពោះទៅធ្វើម្ចាស់ ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំថ្នាក់តំបន់ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ។ ដូច្នេះកិច្ចប្រជុំនេះ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីបើកទទួលការចុះ ឈ្មោះតាមប្រព័ន្ធចុះឈ្មោះអនឡាញ ឲ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់ ពិសេសផ្តល់ទំនុក ចិត្តខ្ពស់ ជូនដល់ក្រុមស្ម័គ្រចិត្តទាំងអស់។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រតិបត្តិករកីឡាដ៏ឆ្នើមរបស់កម្ពុជាដដែលបាន បន្ថែមថា ក្រៅពីការពិភាក្សាលើប្រព័ន្ធចុះឈ្មោះ កិច្ចប្រជុំក៏បានសង្កត់ធ្ងន់ អំពីការជំរុញឲ្យមន្ត្រីប្រចាំ ការ នៃគណៈកម្មការជំនាញនីមួយៗរបស់ CAMSOC នៅក្នុងយន្តការការងាររដ្ឋបាលសម្រប សម្រួលជាមួយការងារទូទៅ ឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ ដើម្បីជំរុញឲ្យការងារគ្រប់ទម្រង់ទាំង អស់ឆ្ពោះទៅរកភាពជោគជ័យ នៃការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ផងដែរ៕