(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើក ទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រ ព្រឹត្តទៅនៅថ្ងៃទី០៨ ថ្ងៃទី០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលបាននៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ដើម្បីឲ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ ចាប់ពីច្រាំងទន្លេសាប តាមបណ្ដោយផ្លូវលេខ១៧៨ មហាវិថីព្រះនរោត្តម ផ្លូវលេខ២១៤ ផ្លូវលេខ៥១ ផ្លូវលេខ២៩៤ មហាវិថីសម្តេចសុធារស នាគបាញ់ទឹក រង្វង់មូលសម្តេចសង្ឃ ជួន ណាត តីរវិថីព្រះស៊ីសុវត្ថិ រហូត ដល់ផ្លូវលេខ១៧៨រហូតដល់ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះត្រូវបានបញ្ចប់តាមកាលបរិច្ឆេទខាងលើ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធា នីភ្នំពេញនឹងបើកឲ្យធ្វើចរាចរជាធម្មតាវិញ៕