(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមើលឃើញថា ប្រទេសគុយវ៉ែត ជាប្រទេសដែលមានលទ្ធភាពខ្ពស់ លើការផលិត និងផ្គត់ផ្គង់ថាមពល ខណៈកម្ពុជាមានលទ្ធភាព ខ្ពស់លើការងារផលិតស្បៀងអាហារ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យឯកអគ្គរដ្ឋទូតគុយ វ៉ែត ពិនិត្យលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទាំងពីរនេះ ដើម្បីជាប្រយោជន៍សម្រាប់ ប្រទេស និងប្រជាជនកម្ពុជា-គុយវ៉ែត។
ការចង្អុលបង្ហាញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឱ្យលោក មហាម៉ាត់ សាអ៉ីត អាល់ហាជរី ឯកអគ្គរដ្ឋទូតគុយវ៉ែត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុង ជំនួប នេះលោកឯកអគ្គរដ្ឋទូតគុយវ៉ែត បានបង្ហាញការប្តេជ្ញាចិត្តប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណាឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំឡើង។
លោកបានបន្តថា លោកនឹងជំរុញការអនុវត្តន៍រាល់កិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរបានធ្វើជា មួយគ្នានាពេលកន្លងមក មានដូចជា ការហោះហើរត្រង់រវាងប្រទេសទាំងពីរ ការផ្តល់ការងារដល់ ពលរដ្ឋកម្ពុជា ដែលមានបំណងទៅធ្វើការនៅគុយវ៉ែត និងការធ្វើពាណិជ្ជកម្មផ្នែកស្បៀងអាហារ ជាដើម។ លោកឯកអគ្គរដ្ឋទូត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ដែល បានទទួលជួបរូបលោក។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរជូនលោកឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងបំពេញបេសកកម្មការទូតនៅកម្ពុជា។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏ស្វាគមន៍ការប្តេជ្ញាចិត្តរបស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។
សម្តេចតេជោ ហ៊ុន សែន ក៨បានផ្តល់អនុសាសន៍ឱ្យលោកឯកអគ្គរដ្ឋទូត ពិនិត្យលើវិស័យដទៃ ទៀត ដែលកម្ពុជា និងគុយវ៉ែត អាចបន្តសហការគ្នាបាន៕